ព័ត៌មានជាតិ

ចាប់ខ្លួនក្មេងស្ទាវចំនួន ១២នាក់ ក្នុងករណីជម្លោះហិង្សានៅខេត្តសៀមរាប ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួស

image



ភ្នំពេញ៖ សមត្ថកិច្ចខេត្តសៀមរាប បានចាប់ខ្លួនក្រុមក្មេងស្ទាវចំនួន ១២នាក់ ពាក់ព័ន្ធករណីឃាតកម្ម ដោយកាប់ទៅលើយុវជនមួយក្រុម បណ្តាលឱ្យស្លាប់ និងរងរបួស នៅផ្លូវ៦០ម៉ែត្រ ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង ២១:៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខសណ្ឋាគារសុខាសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានបើកប្រតិបត្តិការ ដោយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្ត បានចាប់ខ្លួនជនសង្ស័យ បានចំនួន៨នាក់ ចំណែក នគរបាលព្រហ្មទណ្ឌខេត្ត ចាប់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ សរុបចំនួន១២នាក់។

លោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ករណីឃាតកម្មនេះ សមត្ថកិច្ចបានកំណត់បានមុខសញ្ញាជនសង្ស័យ ទើបសុំគោលការណ៍ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ចុះឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ទនឹងករណីខាងលើបានចំនួន ៨នាក់។

ដោយឡែកជនសង្ស័យ ៤នាក់ទៀត ត្រូវបាននគរបាលព្រហ្មទណ្ឌជាអ្នកចាប់ខ្លួន។
លោកវរសេនីយ៍ឯក ថា ដាលុច បានបន្តថា ករណីឃាតកម្មនៅ ផ្លូវ៦០ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រមាណជិត ២០នាក់ ជិះម៉ូតូចំនួន ៨គ្រឿង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា ៥នាក់ ជិះម៉ូតូចំនួន ៣គ្រឿង។

បច្ចុប្បន្នកម្លាំងកំពុងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបន្ត យកមកផ្តន្ទាទោសតាមច្បាប់។
វត្ថុតាងដែលបានដកហូត រួមមាន កាបិតចំនួន ៣ដើម, ម៉ូតូចំនួន ៣គ្រឿង, កាំភ្លើងខ្យល់ ចំនួន១ដើម និងខោអាវពាក់ពេលធ្វើសកម្មភាពចំនួន ២កំប្លេផងដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បញ្ជាក់ថា ពួកគេ ពិតជាបានប្រព្រឹត្តបទល្មើស ដូចករណីខាងលើពិតប្រាកដមែន មូលហេតុដោយសារក្រុមជនសង្ស័យ ធ្លាប់មានទំនាស់ជាមួយភាគីផ្សេង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។ ក្រោយមកពួកជនសង្ស័យ តាមរកជនដែលមានទំនាស់ជាមួយខ្លួន រហូតដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ វេលាម៉ោង២១:៣០នាទីយប់ ស្ថិតនៅចំណុចកើតហេតុខាលើ ពេលនោះក្រុមជនសង្ស័យ បានឃើញក្រុមម៉ូតូរបស់ជនរងគ្រោះ ក៏បានប្រើអំពើហិង្សារហូតដល់មានមនុស្សស្លាប់ និងរងរបួស៕