ព័ត៌មានជាតិ

ថវិកា១លាន ៤សែនដុល្លារ ត្រូវបានជប៉ុនផ្ដល់ឱ្យប្រទេស៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃអាងទន្លេមេគង្គក្រោម

image

(ឡាវ)៖ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការទន្លេមេគង្គ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ តំណាងជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុនបានប្រកាសថា រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ឡើងវិញពីការគាំទ្រដល់គម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តនៅតាមបណ្តាប្រទេសដងទន្លេមេគង្គ ដែលមានកម្ពុជា ឡាវ ថៃ និងវៀតណាម ដោយក្នុងនោះទឹកប្រាក់ជាង១,៤លានដុល្លារអាមេរិក នឹងត្រូវចំណាយសម្រាប់ការអនុវត្តសកម្មភាពការងារនានា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃអាងទន្លេមួយនេះ។ 


គណៈកម្មការទន្លេមេគង្គ បានប្រកាសនៅថ្ងៃទី១០ ខែកក្កដាថា កិច្ចគាំទ្រពីរដ្ឋាភិបាលជប៉ុន សម្រាប់បន្តគម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តនៅតាមដងទន្លេ មេគង្គនៃប្រទេសទាំង៤នេះ នឹងអនុវត្តរហូតដល់ឆ្នាំ២០២១ ដើម្បីធ្វើឲ្យប្រសើរឡើង និងមាននិរន្តរភាពនូវប្រភពធនធានទឹក ផលដំណាំកសិកម្ម ការចរាចររបស់ត្រី និងជីវចម្រុះដទៃទៀត។


លោក ហ្វាម ទួន ផាន (Pham Tuan Phan) អគ្គនាយកនៃគណៈកម្មការទន្លេមេគង្គ បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការគាំទ្រនេះ ស្របទៅតាមផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការទន្លេមេគង្គឆ្នាំ ២០១៦-២០២០ សម្រាប់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងការប្រើប្រាស់ទឹកនៃអាង ទន្លេមេគង្គក្រោម។ 


លោក ឱម សាវ៉ាត នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល រំពឹងថា តាមរយៈគម្រោងជំនួយពីប្រទេសជប៉ុននេះ នឹងកាត់បន្ថយការគំរាមកំហែងដល់ប្រភេទត្រីកម្រ និងធនធានអាងទន្លេមេគង្គ ដែលចិញ្ចឹមមនុស្សរាប់លាននាក់ ។


សូមជម្រាបថា រដ្ឋាភិបាលជប៉ុន គឺជាដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់គណៈកម្មការទន្លេមេគង្គ ដោយក្នុងនោះ ចាប់តាំងពីឆ្នាំ២០០១មក រដ្ឋាភិបាលប្រទេសនេះ បានផ្តល់ថវិកាជាង ១៣លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងជាច្រើន រួមទាំងការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ប្រព័ន្ធធារាសាស្ដ្រ ការដឹកជញ្ជូនដោយសុវត្ថិភាព ការផ្លាស់ប្តូរអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន៕