ព័ត៌មានជាតិ

ការប្រែទឹកអណ្ដូងទៅជាទឹកស្អាត គឺជាភាពចាំបាច់មិនអាចខ្វះបាន ដើម្បីសុខភាពល្អ

image

 អត្ថបទ៖ យ៉ង់ សុភា (សង្គម)


កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រគល់អណ្ដូងចំនួន១៥ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ឱ្យទៅប្រជាពលរដ្ឋក្នុងឃុំចំនួន៣ គឺឃុំយាយអង្គ ឃុំទ័ពមាន និងឃុំប្រាំបីមុំ ស្ថិតក្នុងស្រុកថ្ពង នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

ក្នុងឱកាសនោះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានលើកឡើងថា ការប្រែទឹកអណ្ដូងទៅជាទឹកស្អាតគឺជាភាពចាំបាច់មិនអាចខ្វះបាន។


ហើយលោកបានបន្ដថាដើម្បីសុខភាពល្អសូមឱ្យពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានល្អពិសេសត្រូវបរិភោគទឹកដាំពុះ និងចូលរួមដាំដំណាំ ឬបន្លែផ្សេងៗនៅក្បែរអណ្តូង ដើម្បីជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍ហើយត្រូវថែរក្សារាល់សមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

សូមរំឭកថា ទឹកសាបសម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅ និងជាប្រភពប្រូតេអ៊ីនចម្បងរបស់មនុស្ស សត្វ និងរុក្ខជាតិ យ៉ាងណាមិញក៏ព្រោះតែអាកាសធាតុត្រូពិចរបស់ប្រទេសកម្ពុជា វាបាននាំឱ្យមានការ ឆ្លាស់គ្នានៃរដូវខ្វះទឹក និងរដូវទឹកច្រើនហួស។ ហើយភូមិសាស្ត្រខ្លះខ្វះប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រ និងមិនទាន់មានប្រព័ន្ធទឹកស្អាតទៅដល់ ទើបតម្រូវឱ្យប្រើប្រាស់ទឹកអណ្ដូង ដូចជានៅក្នុងឃុំខាងលើនេះ។

ទោះយ៉ាងក្ដីពលរដ្ឋអាចប្រែទឹកអណ្ដូងទៅជាទឹកមានអនាម័យតាមរយៈការដាំទឹកឱ្យឆ្អិន មុននឹងទទួលទាន ក៏ដូចជាប្រភពទឹកផ្សេងទៀតដែលបានមកពីធម្មជាតិ ព្រោះការធ្វើដូចនេះ អាចបង្ការបាននូវជំងឺដង្កាត់ផ្សេងៗ។

បើយោងតាមរបាយការណ៍ពីក្រសួងធនធានទឹកបានឱ្យដឹងថា ខណៈពេលដែលចំនួនប្រជាជនកំពុងតែកើនឡើង ហើយតម្រូវការទឹកកំពុងកើនឡើងជាមួយនឹងកង្វះការការពារដែលប្រកបដោយប្រសិទ្ធភាព។

ហើយកំណើនសេដ្ឋកិច្ចក៏បាននាំឱ្យមានតម្រូវការទឹកខ្លាំងសម្រាប់ វិស័យឧស្សាហកម្ម និងកសិកម្ម ដែលធ្វើឱ្យមានការប្រកួតប្រជែងរវាងវិស័យទាំងនេះ ជាមួយនឹងវិស័យផ្សេងទៀត ហើយវាកំពុងតែធ្វើឱ្យមានការប៉ះពាល់ទាំងបរិមាណ និងគុណភាពទឹក។

ប៉ុន្តែទោះយ៉ាងនេះក្ដី រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យដឹងពីចក្ខុវិស័យរបស់ខ្លួនថា នឹងជំរុញឱ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៣០ ដោយរួមគ្នាជាមួយនឹងដៃគូផ្សេងៗ ធ្វើការងារដើម្បីទទួលបានការផ្ដល់ហិរញ្ញប្បទាន និងការសម្របសម្រួលការងារអនាម័យ និងទឹកស្អាតឱ្យកាន់តែប្រសើរជាងមុន៕