ព័ត៌មានជាតិ

កម្ពុជា កំពុងរៀបចំកិច្ចព្រមព្រៀង ដើម្បីចាប់ផ្តើមសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ សម្រួលដល់ការដឹកជញ្ជូន

image

អត្ថបទ៖ សិរី វឌ្ឍ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនានេះ បានបើកកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីការសាងសង់ស្ពានព្រំដែនថ្មី នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ-បានផាកកាដ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលខេត្ត អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

បើតាមលោក សក់ សេដ្ឋា បានលើកឡើងថា ការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីរួមគ្នាពិនិត្យកែសម្រួលលើកិច្ចព្រមព្រៀងស្ដីពីការសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដនេះ ហើយការរៀបចំកិច្ចព្រមព្រៀងនេះផងដែរ ភាគីថៃបានយល់ព្រមផ្ដល់ជំនួយខាងហិរញ្ញវត្ថុ និងការសាងសង់ស្ពានថ្មឆ្លងកាត់ព្រំដែននេះ ជំនួសឱ្យស្ពានដែលកំពុងមានបច្ចុប្បន្ន។

លោករដ្ឋលេខាធិការប្រចាំការបានបន្ថែមថា ក្នុងនាមក្រសួងមហាផ្ទៃ លោកសូមសម្ដែងការអរគុណដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់នូវមតិយោបល់លើសេចក្ដីព្រាងកិច្ចព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានកែសម្រួលទៅតាមយោបល់ស្ថាប័ននិងភាគីពាក់ព័ន្ធផងដែរ។

ជាងនេះទៀត លោក សក់ សេដ្ឋា ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នារៀបចំសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ នៃខេត្តប៉ៃលិនរបស់កម្ពុជា និងខេត្តចន្ទបូរីរបស់ថៃ គឺដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូនទំនិញចេញ-ចូល និងការឆ្លងកាត់ព្រំដែនរបស់ប្រទេសទាំងពីរ៕