លោកត្រាំ ព្រមានណាតូពីផលវិបាកធ្ងន់ធ្ងរ ក្រោយបដិសេធមិនជួយអាម៉េរិកសម្រាប់ប្រតិបត្តិការនៅឯច្រកសមុទ្រហ័រមូស
សហរដ្ឋអាម៉េរិក៖ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកមិនត្រូវការជំនួយពីសម្ព័ន្ធមិត្តអឺរ៉ុប ឬអង្គការណាតូ (NATO) នៅក្នុងប្រតិបត្តិការសន្តិសុខនៅច្រកសមុទ្រហ័រមូសទៀតនោះទេ ព្រោះអាម៉េរិកមានកងទ័ពខ្លាំងបំផុតនៅលើលោករួចទៅហើយ ។
មេដឹកនាំអាម៉េរិករូបនេះ បានធ្វើការព្រមានថា បណ្តាប្រទេសណាតូដែលបានទាត់ចោលការស្នើសុំឱ្យចូលរួមជួយអន្តរាគមន៍ជាមួយអាម៉េរិក នឹងត្រូវប្រឈមមុខនឹងផលវិបាក និងការខាតបង់យ៉ាងធ្ងន់ធ្ងរ ព្រោះរដ្ឋទាំងនោះជាអ្នកត្រូវការប្រេង និងថាមពលឆ្លងកាត់ផ្លូវទឹកនេះជាចាំបាច់ មិនមែនអាម៉េរិកឡើយ ។
លោកប្រធានាធិបតីត្រាំ ក៏បានបញ្ជាក់ពីជោគជ័យយោធា ដោយអះអាងថាកងទ័ពអាម៉េរិកបានវាយកម្ទេចកងទ័ពអាកាស ប្រព័ន្ធការពារដែនអាកាស និងសម្លាប់មេដឹកនាំយោធាជួរមុខរបស់សត្រូវស្ទើរតែទាំងស្រុង ត្រឹមរយៈពេល ៣ ថ្ងៃដំបូងប៉ុណ្ណោះ ។
លោក ត្រាំ បានបង្ហើបពីតួលេខជាក់លាក់ថា នាវាចម្បាំងរបស់សត្រូវទាំងអស់ចំនួន ១៥៩ គ្រឿង ត្រូវកងទ័ពអាម៉េរិកបាញ់ពន្លិចឱ្យលិចលង់ទៅក្រោមបាតសមុទ្រទាំងស្រុង ដោយបច្ចុប្បន្នសត្រូវសេសសល់តែទូកតូចៗបំពាក់កាំភ្លើងយន្តប៉ុណ្ណោះ ។
បន្ថែមពីនេះ លោក ត្រាំ បានវាយប្រហារយ៉ាងធ្ងន់ៗលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់អាម៉េរិក ដោយហៅស្ថាប័នទាំងនោះថាជា «ព័ត៌មានក្លែងក្លាយ» ដែលតែងតែចុះផ្សាយខុសពីការពិតជុំវិញជ័យជម្នះរបស់អាម៉េរិក ដោយសំដៅលើភាពលម្អៀង មិនស្មោះត្រង់ មិនផ្សាយការពិត ដែលបាត់បង់ក្រមសីលធម៌វិជ្ជាជីវៈរបស់សារព័ត៌មានទាំងនោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Fox News & theweek on Microsoft Bing.