ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បង្ហើបថា អាម៉េរិក និងឥណ្ឌា ជិតចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មីមួយហើយ

image


 
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងថា សហរដ្ឋអាម៉េរិក និងឥណ្ឌា ជិតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មីមួយ បន្ទាប់ពីបានឆ្លងកាត់ភាពតានតឹងជុំវិញរឿងជម្លោះដំឡើងពន្ធគយ ។
 
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងញូវដេល្លី ប្រទេសឥណ្ឌា ដើម្បីនាំយកលិខិតផ្លូវការរបស់លោក ត្រាំ ទៅប្រគល់ជូននាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី កាលពីសប្តាហ៍មុន ។
 
លោក ត្រាំ បានរិះគន់រដ្ឋបាលអាម៉េរិកជំនាន់មុនៗ រួមទាំងចោទប្រកាន់ថា ប្រទេសឥណ្ឌាបានកេងចំណេញសេដ្ឋកិច្ចពីអាម៉េរិកជាច្រើនឆ្នាំមកហើយ តាមរយៈការដំឡើងពន្ធគយខ្ពស់កប់ពពកលើទំនិញអាម៉េរិក ខណៈអាម៉េរិកមិនបានយកពន្ធពីឥណ្ឌាទាល់តែសោះ ។
 
មេដឹកនាំអាម៉េរិករូបនេះ បានលើកជាឧទាហរណ៍ជាក់ស្ដែងពីក្រុមហ៊ុនម៉ូតូ ហាឡេយ ដាវីដសុន (Harley Davidson) ដែលធ្លាប់ទទួលរងនូវការដំឡើងពន្ធរហូតដល់ ២០០% ពីសំណាក់ប្រទេសឥណ្ឌា រហូតបង្ខំចិត្តឱ្យក្រុមហ៊ុនផ្លាស់ប្ដូរទៅបង្កើតរោងចក្រក្នុងស្រុកឥណ្ឌា ប៉ុន្តែបច្ចុប្បន្ន លោកបានបង្វិលស្ថានការណ៍ឱ្យអាម៉េរិកទទួលបានផលចំណេញវិញម្ដងហើយ ។
 
លោក ដូណាល់ ត្រាំ បានរៀបរាប់ជាបន្តដោយសង្កត់ធ្ងន់ថា ទោះជាមានជម្លោះពាណិជ្ជកម្មខ្លះៗក៏ដោយ ក៏លោក និងលោកនាយករដ្ឋមន្ត្រី ម៉ូឌី គឺជាមិត្តភក្តិដ៏ជិតស្និទ្ធ ដែលទំនាក់ទំនងល្អទាំងនេះ នឹងជួយឱ្យប្រជាជាតិទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ AP/ The Indian Express