កុំចាញ់បោក! សមាគមសិល្បករខ្មែរ បដិសេធការយកឈ្មោះទៅរៃអង្គាសប្រាក់តាមទីសាធារណៈ និងព្រមានចាត់វិធានការច្បាប់
ភ្នំពេញ៖ សមាគមសិល្បករខ្មែរ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ដោយបដិសេធចំពោះសកម្មភាពរបស់ជនឆ្លៀតឱកាសមួយចំនួន ដែលបានប្រើប្រាស់ឈ្មោះសមាគម ដើម្បីដើររៃអង្គាសប្រាក់នៅតាមទីសាធារណៈ ក្រោមលេសប្រមូលថវិកាជួយជនភៀសសឹក និងវីរកងទ័ពនៅតាមព្រំដែន។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថាប័នអ្នកនាំពាក្យសមាគមសិល្បករខ្មែរ បានឱ្យដឹងថា ថ្មីៗនេះ សមាគមបានទទួលព័ត៌មានអំពីការធ្វើសកម្មភាពរៃអង្គាសប្រាក់ដោយបុគ្គលមួយចំនួន ដែលបានអះអាងថា ជាតំណាងឱ្យសមាគមសិល្បករខ្មែរ ដើម្បីស្វែងរកជំនួយសម្រាប់កងកម្លាំងការពារបូរណភាពទឹកដី និងជនភៀសសឹក។
ជុំវិញករណីនេះ សមាគមសិល្បករខ្មែរ សូមបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពខាងលើមិនមានការអនុញ្ញាត ឬចាត់តាំងដោយសមាគមនោះឡើយ ហើយក៏មិនមែនជាសកម្មភាពរបស់ថ្នាក់ដឹកនាំ សមាជិក ឬក្រុមការងាររបស់សមាគមដែរ។
សមាគមសិល្បករខ្មែរ បន្ថែមថា បច្ចុប្បន្នសមាគមមិនមានកម្មវិធី ឬយុទ្ធនាការដើររៃអង្គាសប្រាក់នៅតាមទីសាធារណៈក្នុងនាមសមាគមនោះទេ ហើយសូមឱ្យសាធារណជនមានការប្រុងប្រយ័ត្ន ចៀសវាងការចាញ់បោកជនខិលខូចដែលយកឈ្មោះស្ថាប័នទៅប្រើប្រាស់ខុសគោលបំណង។
ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គល ឬក្រុមណាដែលនៅតែបន្តប្រើប្រាស់ឈ្មោះ និងកិត្តិយសរបស់សមាគម ដើម្បីប្រមូលថវិកាដោយខុសច្បាប់ ឬក្នុងគោលបំណងបោកប្រាស់សាធារណជន៕