សមត្ថកិច្ចស្រុកកំពង់រោទិ៍ បង្ក្រាបទីតាំងឆបោកអនឡាញ ២កន្លែង ឃាត់ខ្លួនជនសង្ស័យ ៣២នាក់
ស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់រោទិ៍ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ២ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យសរុប ៣២នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ២:១០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងកម្លាំងចម្រុះពាក់ព័ន្ធ។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅទីតាំងចំនួន ២ រួមមាន នៅភូមិជប់ព្រីង ឃុំថ្មី និងភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលសមត្ថកិច្ចសង្ស័យថា មានជនបរទេសប្រមូលផ្តុំស្នាក់នៅ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
លោក សុច ពិសី បានឱ្យដឹងថា ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣២នាក់ ក្នុងនោះស្ត្រី ៤នាក់។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិចិន ២៥នាក់ ស្ត្រី ១នាក់ និងជនជាតិវៀតណាម ៧នាក់ ស្ត្រី ៣នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង និងសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញបន្តនីតិវិធីតាមច្បាប់៕
អត្ថបទ៖ មិន ភក្តី