ព័ត៌មានជាតិ

រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តបួនទៀត ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

image



ឧត្តរមានជ័យ៖ រដ្ឋាភិបាលអូស្ត្រាលី សហការជាមួយអង្គការអុកស្វាម កំពុងបន្តផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ដល់សហគមន៍ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តបួនទៀត ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ គំនិតផ្តួចផ្តើមនេះ រៀបចំឡើងដើម្បីជួយសម្រាលការលំបាកក្នុងចំណោមគ្រួសារភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករានេះ ការចែកជំនួយជាសាច់ប្រាក់ បានចាប់ផ្តើមសម្រាប់គ្រួសារជនភៀសខ្លួនចំនួន ៣០៥០ គ្រួសារ នៅទូទាំងជំរុំក្នុងខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ ជំនួយនេះ ត្រូវបានរៀបចំឡើងដើម្បីជួយដល់គ្រួសារដែលមានតម្រូវការបន្ទាន់ដូចជា ស្បៀងអាហារ ជម្រក និងសម្ភារៈចាំបាច់ សម្រាប់ស្ថិរភាពក្នុងគ្រាមានវិបត្តិ។

ការចែកជូនសាច់ប្រាក់នៅជំរំចុងកាល់ថ្មី នៅថ្ងៃទី១៥ ខែមករានេះ បានទៅដល់ប្រជាពលរដ្ឋចំនួន ១ ៥១៩ គ្រួសារ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាយិកាអង្គការអុកស្វាម អភិបាលខេត្តឧត្តរមានជ័យ និងដៃគូក្នុងស្រុក។ វត្តមាននេះបានគូសបញ្ជាក់ពីកិច្ចសហការយ៉ាងរឹងមាំរវាងរដ្ឋាភិបាលអូស្ត្រាលី អង្គការអុកស្វាម និងអាជ្ញាធរមូលដ្ឋាន ក្នុងការឆ្លើយតបទៅនឹងជំនួយបន្ទាន់ផ្នែកមនុស្សធម៌ និងជួយដល់សហគមន៍ងាយរងគ្រោះ។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តមានជ័យ បានមានប្រសាសន៍ថា “យើងសូមអរគុណដល់ជំនួយពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម។ ជំនួយនេះនឹងជួយសម្រាលបន្ទុករបស់គ្រួសារនៅក្នុងខេត្តរបស់យើង និងបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបការងារមនុស្សធម៌។ ខ្ញុំសូមសំណូមពរតាមរយៈវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនាថ្ងៃនេះ សូមជួយជម្រុញឲ្យបទឈប់បាញ់នេះចូលជាធរមានជាអចិន្ត្រៃយ៍។”

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ប្រទេសអូស្ត្រាលី ជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តសម្រាប់ប្រទសកម្ពុជា អស់ជាច្រើនទសវត្សរ៍មកហើយ។ បញ្ហាប្រឈមរបស់ប្រជាជនកម្ពុជាដែលត្រូវបានជម្លៀសចេញពីទីតាំងដោយសារតែជម្លោះ ជាបញ្ហាសំខាន់ ហើយរដ្ឋាភិបាលអូស្ត្រាលីបានរៀបចំផ្តល់ជំនួយជាបន្ទាន់លើផ្នែក ទឹកស្អាតសម្រាប់បរិភោគ អាហារ ទីជម្រក អនាម័យ និងជំនួយហិរញ្ញវត្ថុ ដើម្បីជួយដល់គ្រួសារភៀសសឹកបំពេញតម្រូវការបន្ទាន់របស់ពួកគេ។ បំណងប្រាថ្នាដ៏ធំរបស់យើងគឺការរក្សាបាននូវបទឈប់បាញ់ ព្រមទាំងសន្តិភាពដែលមានភាពយុត្តិធម៌ និងយូរអង្វែងដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព។”

ដោយឡែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា “តាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី យើងអាចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ខណៈពេលដែលយើងកំពុងធ្វើការជាមួយសហគមន៍ និងដៃគូ ដើម្បីរៀបចំដំណោះស្រាយរយៈពេលវែង។ ការគាំទ្រផ្នែកមនុស្សធម៌ មិនត្រឹមតែបំពេញតម្រូវការបន្ទាន់នៅថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញ និងអនាគតកាន់តែយុត្តិធម៌ផងដែរ។ នេះជាការឆ្លើយតបដំបូងក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការអុកស្វាម ប៉ុន្តែជាក់ស្តែងសម្រាប់អង្គការអុកស្វាមផ្ទាល់ វាជាអន្តរាគមន៍មនុស្សធម៌លើកទី៦ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មក។ ការលំបាករបស់គ្រួសារភៀសសឹក នៅតែមានទំហំធំធេង ហើយយើងត្រូវបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាថាសហគមន៍ងាយរងគ្រោះទទួលបានការគាំទ្រប្រកបដោយនិរន្តរភាព និងឱកាសក្នុងការកសាងជីវិតរបស់ពួកគេឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ។”

ការចែកសាច់ប្រាក់នៅខេត្តឧត្តរមានជ័យនៅថ្ងៃទី១៥ ខែមករានេះ ជាផ្នែកមួយនៃកញ្ចប់ជំនួយមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលីចំនួន ២៥០ ០០០ ដុល្លារអាមេរិក ដើម្បីជួយប្រជាជនភៀសសឹកដោយសារជម្លោះ នៅក្នុងប្រទេសកម្ពុជា តាមរយៈអង្គការអុកស្វាម។ ជាមួយនឹងថវិកានេះ អង្គការអុកស្វាមនឹងជួយផ្តល់ប្រព័ន្ធចម្រុះទឹកស្អាតនិងអនាម័យអាហារ និងជម្រកសង្គ្រោះបន្ទាន់។

កិច្ចខិតខំប្រឹងប្រែងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលី ដល់ជំនួយមនុស្សធម៌នៅកម្ពុជា និងបង្ហាញពីតួនាទីរបស់អង្គការអុកស្វាម ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌ជាមួយដៃគូក្នុងស្រុក។ នេះក៏បង្ហាញពីកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងអូស្ត្រាលី និងកម្ពុជាក្នុងការលើកកម្ពស់ភាពធន់ ការស្តារឡើងវិញ និងការអភិវឌ្ឍរយៈពេលវែងសម្រាប់សហគមន៍ងាយរងគ្រោះ៕