ព័ត៌មានជាតិ

មេសិទ្ធិមនុស្សកម្ពុជា ចូលរួមបំពាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្ថែម នៅពន្ធនាគាររាជធានីភ្នំពេញ និងមណ្ឌលអប់រំកែប្រែទី១

image



ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្ថែម នៅពន្ធនាគាររាជធានីភ្នំពេញ(PJ) និងមណ្ឌលអប់រំកែប្រែទី១(ម១) នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។​

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការដាក់ប្រអប់បណ្តឹងនេះ ដើម្បីលើកកម្ពស់ការគោរព និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ជនជាប់ឃុំ ក៏ដូចជាការការពារនូវកិត្តិយស មុខមាត់របស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងឆាកអន្តរជាតិ ទប់ស្កាត់ការផ្សព្វផ្សាយនូវរាល់ព័ត៌មានទុច្ចរិត ញុះញង់ និងបំភ្លៃខុសពីការពិត នៃស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារ។

ទន្ទឹមនេះលោកទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ដែលបានចូលរួមសហការក្នុងការការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅកន្លែងឃុំឃាំង ជាពិសេសការមិនរើសអើង និងមិនប្រើអំពើហិង្សាលើជនជាប់ឃុំដោយប្រកាន់ខ្ជាប់នូវការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើ និងសំណូមពរដល់ជនរួមជាតិឱ្យមានសាមគ្គីភាពផ្ទៃក្នុង និងផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃ ប្រកបដោយយន្តការច្បាស់លាស់ និងសន្តិវិធី។ ក្រៅពីនេះក៏បានស្នើសុំឲ្យជនជាប់ឃុំទាំងអស់ខិតខំកសាងខ្លួន ស្តាប់ និងគោរពតាមបទបញ្ជារបស់ពន្ធនាគារ ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិវិញ៕