ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីត្រាំ បញ្ជាក់ថា លោកគ្មានគម្រោងដេញទេសាភិបាលធនាគារកណ្ដាលលោក Powell ចេញពីតំណែងឡើយ

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងកាលពីថ្ងៃពុធថា លោកគ្មានគម្រោងដេញលោក ជេរ៉ូម ផៅវែល (Jerome Powell) ចេញពីតំណែងទេសាភិបាលធនាគារកណ្ដាល (Federal Reserve) នោះទេ បើទោះបីជាក្រសួងយុត្តិធម៌កំពុងបើកការស៊ើបអង្កេតបទឧក្រិដ្ឋលើរូបលោកក៏ដោយ ប៉ុន្តែលោកត្រាំថាវា «ឆាប់រហ័សពេក» ក្នុងការសន្និដ្ឋានថា តើលោកនឹងធ្វើអ្វីបន្តទៀតនៅពេលខាងមុខ ។

ជុំវិញសំណួរក្នុងបទសម្ភាសន៍មួយថា តើលោកនឹងបណ្ដេញលោក ផៅវេល (Powell) ចេញពីការងារដែរឬទេ? លោក ត្រាំ បានឆ្លើយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) វិញថា «ខ្ញុំមិនមានគម្រោងធ្វើបែបហ្នឹងទេ»។ ពាក់ព័ន្ធនឹងសំណួរជាបន្តថាតើការស៊ើបអង្កេតផ្ដល់ផលវិបាកដល់លោក ផៅវែល (Powell) ដែរឬទេ? លោក ត្រាំ លើកឡើងបន្ថែមថា «ឥឡូវនេះ យើងកំពុងតាមដានមើលគាត់បន្តិចសិន ហើយយើងនឹងសម្រេចចិត្តថាត្រូវធ្វើអ្វី។ ប៉ុន្តែខ្ញុំមិនទាន់អាចនិយាយលម្អិតបានទេ វាហាក់ឆាប់ពេកហើយ» ។

អាណត្តិរបស់លោក ផៅវែល (Powell) ក្នុងនាមជាទេសាភិបាលធនាគារកណ្ដាល នឹងត្រូវបញ្ចប់នៅខែឧសភាខាងមុខ ប៉ុន្តែលោកមិនទាន់មានកាតព្វកិច្ចចាកចេញពីក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ ២០២៨ នោះទេ។ លោកត្រាំ បានបង្ហើបថា លោកមានបំណងជ្រើសរើសលោក ខេវិន វ៉ស (Kevin Warsh) ឬលោក ខេវិន ហាសសេត (Kevin Hassett) ឱ្យមកជំនួសតំណែងលោក ផៅវែល (Powell)។ លោកក៏បានដកឈ្មោះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ស្កុត ប៊ែសសេន (Scott Bessent) ចេញពីបញ្ជីផងដែរ ព្រោះលោក ប៊ែសសេន (Bessent) ចង់នៅកាន់តំណែងចាស់ដដែល ។

រដ្ឋបាលលោក ត្រាំ បានបើកការស៊ើបអង្កេតលើលោក ផៅវែល (Powell) រឿងចំណាយថវិកាលើសកំណត់ក្នុងគម្រោងជួសជុលអគារប្រវត្តិសាស្ត្រ២ខ្នង ដែលចំណាយថវិកា ២,៥ ពាន់លានដុល្លារ។ ទោះជាបែបណាក្ដី លោក ផៅវែល (Powell) បានបដិសេធរាល់ការចោទប្រកាន់ និងលើកឡើងថា សកម្មភាពមិនធ្លាប់មានពីមុនមកនេះ គឺជាលេសដើម្បីដាក់សម្ពាធលើរូបលោក ដោយសារតែលោកមិនព្រមបញ្ចុះអត្រាការប្រាក់តាមបំណងរបស់លោកត្រាំ ។

សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមួយចំនួន រួមទាំងអ្នកវិនិយោគ និងមន្ត្រីសេដ្ឋកិច្ចបរទេស បានរិះគន់ចំណាត់ការនេះថា ជាការយកនយោបាយមកឡូកឡំក្នុងស្ថាប័នសេដ្ឋកិច្ចឯករាជ្យ។ ប៉ុន្តែលោក ត្រាំ ឆ្លើយតបវិញថា លោកមិនខ្វល់ពីការរិះគន់ឡើយ ដោយលោកយល់ថាអ្នកទាំងនោះគួរតែមាន «ភាពស្មោះត្រង់» ចំពោះរូបលោក។ លោកក៏មិនខ្វល់ចំពោះការព្រមានថា ការលូកដៃចូលស្ថាប័ននេះ អាចធ្វើឱ្យធ្លាក់ថ្លៃប្រាក់ដុល្លារ ឬបង្កឱ្យមានអតិផរណា (ទំនិញឡើងថ្លៃ) ដែរ ។

លោកត្រាំ បានបញ្ជាក់ដែរថា «ប្រធានាធិបតីគួរតែមានសិទ្ធិនិយាយ» អំពីគោលនយោបាយធនាគារកណ្ដាល។ លោកលើកឡើងបន្ថែមដោយមោទនភាពថា «ខ្ញុំរកលុយបានច្រើនណាស់ពីមុខជំនួញ ដូច្នេះខ្ញុំយល់ដឹងពីរឿងសេដ្ឋកិច្ចច្បាស់ជាង ជេរ៉ូម ផៅវែល (Jerome Powell) ដែលធ្វើអ្វីៗយឺតយ៉ាវនោះទៅទៀត» ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Julia Demaree Nikhinson via AP/ Nathan Howard via REUTERS