ព័ត៌មានអន្តរជាតិ

អត្រាអ្នកគ្មានការងារធ្វើក្នុងប្រទេសម៉ាឡេស៊ី ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ១១ឆ្នាំ

image



ម៉ាឡេស៊ី៖ អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១១ឆ្នាំកន្លងមកនេះ ពោលគឺធ្លាក់ចុះមកត្រឹម ២,៩% កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យចំនួនអ្នកគ្មានការងារធ្វើសរុបថយចុះមកនៅត្រឹម ៥១៨,៤០០ នាក់ ។

យោងតាមនាយកដ្ឋានស្ថិតិ បានឱ្យដឹងថា នេះគឺជាលើកទីមួយហើយដែលអត្រាអ្នកគ្មានការងារធ្វើបានធ្លាក់ចុះមកក្រោម ៣% គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ មក ។

លោក ម៉ូដ អ៊ូហ្ស៊ី ម៉ាហ៊ីឌីន (Mohd Uzir Mahidin) ប្រធានផ្នែកស្ថិតិបានមានប្រសាសន៍ថា លក្ខខណ្ឌសេដ្ឋកិច្ចដ៏ល្អប្រសើរបានបន្តជួយទ្រទ្រង់ដល់ការរីកចម្រើននៃទីផ្សារពលកម្ម។ ចំនួនអ្នកដែលមានការងារធ្វើបានកើនឡើង ០,២% បើធៀបនឹងខែមុន ដែលនាំឱ្យចំនួនអ្នកមានការងារធ្វើសរុបកើនដល់ ១៧,០៩ លាននាក់ ។

លោក ម៉ូដ អ៊ូហ្ស៊ី (Mohd Uzir) បានបន្ថែមថា ទីផ្សារការងាររបស់ម៉ាឡេស៊ី ត្រូវគេរំពឹងថា នឹងបន្តស្ថិតក្នុងភាពនឹងនរ និងមានកំណើនវិជ្ជមាននៅខែបន្តបន្ទាប់ទៀត។ កំណើននេះ រុញច្រានដោយឱកាសការងារថ្មីៗក្នុងវិស័យយុទ្ធសាស្ត្រ កម្មវិធីបណ្តុះបណ្តាលបង្កើនជំនាញ និងការបង្កើតការងារឱ្យមានតុល្យភាពរវាងតំបន់ទីក្រុង និងជនបទ ។

វិស័យសំខាន់ៗដែលជួយឱ្យមានកំណើនការងារនេះ រួមមាន៖ វិស័យសុខភាពសាធារណៈ, ការងារសង្គម, ការលក់ដុំ និងលក់រាយ, សេវាកម្មស្នាក់នៅ និងអាហារ។ ក្រៅពីនេះ កំណើនក៏ត្រូវបានកត់សម្គាល់ឃើញមាននៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្មផលិតកម្ម, សំណង់, និងវិស័យរ៉ែផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express International | រូបភាព៖ CNA/Fadza Ishak/ MYFutureJobs/ Reuters