កម្ពុជាតវ៉ាចំពោះការរឹបអូសទូកនេសាទខ្មែរដោយកងទ័ពជើងទឹកថៃ និងជំរុញឱ្យគោរពអធិបតេយ្យភាព និងដែនយុត្តាធិការរបស់កម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួន៤នាក់ ដោយកងទ័ពជើងទឹកថៃ កាលពីដើមខែមករា ឆ្នាំ២០២៦ នៅក្នុងដែនសមុទ្រនៃខេត្តកោះកុង។
នៅក្នុងកំណត់ទូតដែលបានផ្ញើទៅកាន់ស្ថានទូតថៃ ក្រសួងការបរទេសបានឲ្យដឹងថា ហេតុការណ៍នៃការចាប់ទូកនេសាទកម្ពុជាបានកើតឡើងនៅវេលាម៉ោង ១១:៣0ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចកូអរដោនេ លេខ 11°33'30"N និង 102°51'39"E ដែលកម្ពុជាអះអាងថាស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន។
យោងតាមខ្លឹមសារកំណត់ទូតនេះ កម្ពុជាបានស្វាគមន៍ការដោះលែងអ្នកនេសាទទាំង ៤នាក់ មកវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែទន្ទឹមនេះបានស្នើជាផ្លូវការដល់ភាគីថៃឱ្យប្រគល់ទូកនេសាទខ្មែរ រួមនឹងឧបករណ៍នេសាទទាំងអស់ដែលថៃបានរឹបអូសត្រលបមកវិញ។
កម្ពុជាចាត់ទុកសកម្មភាពរបស់យោធាជើងទឹកថៃជាសកម្មភាព រំលោភលើអធិបតេយ្យភាព និងយុត្តាធិការរបស់កម្ពុជា ហើយក៏បានស្នើឱ្យថៃចៀសវាងសកម្មភាពបែបនេះនាពេលអនាគត៕