ព័ត៌មានអន្តរជាតិ

មនុស្ស ៥០នាក់ត្រូវបញ្ជូនចូលពេទ្យក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ ក្រោយករណីធ្លាយសារធាតុគីមីចូលប្រឡាយទឹកស្អុយ

image



សមុទ្រប្រាកាន, ថៃឡង់ដ៍៖ ក្រុមសង្គ្រោះ និងក្រុមគ្រូពេទ្យបានជម្លៀសប្រជាពលរដ្ឋជិត ៥០នាក់ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការលេចធ្លាយសារធាតុគីមីចូលទៅក្នុងប្រឡាយទឹកស្អុយក្នុងខេត្តសមុទ្រប្រាកាន (Samut Prakan) ។

នៅម៉ោងប្រហែល ០៩:៣០ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តបានប្រើប្រាស់រថយន្តជាង ១០គ្រឿង ដើម្បីជម្លៀសអ្នកភូមិនៅក្រោយផ្សារឃូសាង (Khu Sang) ក្នុងឃុំប៉ាក់ខ្លងបាងផ្លាកដ (Pak Khlong Bang Pla Kod) ដែលមានផ្ទះប្រជាជនរស់នៅប្រហែល ៦០ គ្រួសារ ។

ការជម្លៀសនេះ កើតឡើងបន្ទាប់ពីមានការលេចធ្លាយសារធាតុគីមីម្យ៉ាងឈ្មោះ Ethyl Acetate (ជាសារធាតុរំលាយដែលងាយឆេះ មានក្លិនឈួលខ្លាំង ប្រើសម្រាប់ធ្វើកាវ ទឹកលាងថ្នាំក្រចក និងទឹកថ្នាំបោះពុម្ព) ចេញពីកប៉ាល់ដឹកទំនិញមួយ ខណៈកំពុងផ្ទេរសារធាតុគីមីនៅកំពង់ផែរបស់ក្រុមហ៊ុនឯកជនមួយ។ សារធាតុនេះ បានហូរចូលទៅក្នុងប្រឡាយក្បែរនោះ ដោយប៉ះពាល់យ៉ាងខ្លាំងដល់អ្នកភូមិ ជាពិសេសមនុស្សចាស់ ក្មេងៗ និងអ្នកជំងឺ ។

អ្នកស្រី ផាត់ សៃម៉ានី (Phat Saimanee) អាយុ៥៩ឆ្នាំ ដែលជាអ្នកភូមិនៅទីនោះ បាននិយាយថា គាត់ចាប់ផ្ដើមធំក្លិនឈួលខ្លាំងតាំងពីម៉ោង ០៥ ព្រឹកមកម្ល៉េះ ដែលធ្វើឱ្យគាត់វិលមុខ ចង់ក្អួត និងចង្អោរ។ នៅពេលគាត់ទៅពិនិត្យមើលនៅទ្វារទឹកក្បែរក្រុមហ៊ុន គាត់ឃើញមានផ្សែងហុយចេញពីទឹក ហើយក្លិននោះឈួលខ្លាំងជាងទឹកស្អុយធម្មតាឆ្ងាយណាស់។ អ្នកភូមិផ្សេងទៀត ក៏បានរាយការណ៍ដែរថា ពួកគេភ្ញាក់ពីដំណេកទាំងឈឺក្បាល ណែនទ្រូង និងពិបាកដកដង្ហើម ដោយសារក្លិនគីមីដូចក្លិនថ្នាំលាបផ្ទះ ឬក្លិនអាកុល ។

នាយកផ្នែកសុខភាពសាធារណៈនៃសាលាក្រុងព្រះសមុទ្រចេតិយ (Phra Samut Chedi) បានបញ្ជាក់ថា មូលហេតុគឺដោយសារភ្នាក់ងារបច្ចេកទេសរបស់ក្រុមហ៊ុនបានធ្វើការខុសបច្ចេកទេសក្នុងអំឡុងផ្ទេរសារធាតុគីមី ដោយបង្ហូរវាចូលទៅក្នុងបំពង់ខុស។ ទោះបីជាក្រុមហ៊ុនអះអាងថា ពួកគេអាចគ្រប់គ្រងការធ្លាយបានក្នុងរយៈពេល ៣០ នាទីក៏ដោយ ប៉ុន្តែសារធាតុនោះបានបង្កឱ្យមានការរលាកភ្នែក ក និងស្បែកដល់អ្នកភូមិបាត់ទៅហើយ ។

បច្ចុប្បន្ន ក្រុមហ៊ុនបានប្រើប្រាស់សារធាតុបន្សាបជាតិពុល និងបូមទឹកដែលកខ្វក់ចេញពីប្រឡាយ។ អាជ្ញាធរនឹងបន្តតាមដានគុណភាពទឹក និងផ្ដល់សំណងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod English