ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងក្រុមហ៊ុនប្រមូលសំរាមមួយ​ បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សម្រាប់ផែនការរយៈពេល​ ១០ឆ្នាំទៀត

image



ភ្នំពេញ៖​ ក្រសួងបរិស្ថាន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន MIZUDA GROUP លើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន សម្រាប់ផែនការរយៈពេល១០ឆ្នាំ ដែលបន្តចាប់អនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦។​ ពិធីចុះហត្ថលេខានេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រុមហ៊ុនMizuda Group Co.,Ltd។

លោក អ៊ាង សុផល្លែត បានថ្លែងថា ក្រុមហ៊ុន Mizuda Group នឹងចាប់ផ្តើមធ្វើការរៀបចំឯកសារលើផែនការវាយតម្លៃ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីធ្វើការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន តាមស្តង់ដារ និងមានអនាម័យល្អ ស្របតាមច្បាប់របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតសំខាន់ការគ្រប់គ្រង​ និងការញែកសំរាម ការទាញយកតម្លៃសេដ្ឋកិច្ចពីសំរាម និងការកែច្នៃសំរាម សម្រាប់ថាមពលអគ្គិសនីប្រើប្រាស់ជាដើម នៅតាមទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅតាមទីលានទុកដាក់សំរាមនៅតាមបណ្តាខេត្តនានា។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការអប់រំ ផ្សព្វផ្សាយ តាមរយៈយុទ្ធនាការនានា ដោយចាប់ផ្តើមពីការធ្វើឱ្យភាពស្អាត នៅក្នុងខ្លួនបុគ្គលម្នាក់ៗ បន្តមកភាពស្អាតនៅក្រៅខ្លួន ដែលត្រូវធ្វើសកម្មភាពសម្អាត មានការទុកដាក់សំរាម ដើម្បីកម្ពុជាមានភាពស្អាតជានិច្ចនិរន្តរិ៍ បន្ទាប់មកទៀត គឺការបន្តធ្វើឱ្យកម្ពុជាដែលជាផ្ទះរបស់យើងស្អាតលើឆាកអន្តរជាតិ មានភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕