ព័ត៌មានអន្តរជាតិ

ក្រឡាប់រថយន្តក្រុងដឹកកម្មកររោងចក្រនៅខេត្តឈុនបុរី ប្រទេសថៃ បណ្ដាលឱ្យមនុស្ស ៤២នាក់រងរបួសធ្ងន់ស្រាល

image



ឈុនបុរី, ថៃឡង់ដ៍៖ រថយន្តក្រុងមួយគ្រឿងដែលដឹកកម្មកររោងចក្រ បានបាត់បង់លំនឹង រួចក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ បណ្ដាលឱ្យមនុស្ស ៤២នាក់រងរបួស ចំណែកស្ត្រីម្នាក់បានជាប់គាំងនៅក្នុងរថយន្ត។ អ្នកបើកបរអះអាងថា នៅពេលកើតហេតុ ខ្លួនបានព្យាយាមគ្រប់គ្រងរថយន្តអស់ពីសមត្ថភាពហើយ ប៉ុន្តែទប់មិនជាប់ ។

នៅវេលាម៉ោង ០៨:៣០ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមជួយសង្គ្រោះទទួលបានដំណឹងថា មានរថយន្តក្រុងដឹកកម្មកររោងចក្រមួយគ្រឿង បានក្រឡាប់នៅម្ដុំមុខតំបន់ឧស្សាហកម្មពីនថុង ៣ (Pinthong 3) ក្នុងខេត្តឈុនបុរី (Chonburi) ហើយកម្លាំងនគរបាល និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុភ្លាមៗ ។

គេបានឃើញរថយន្តក្រុង ស្ថិតក្នុងស្ថានភាពខ្ទេចខាងមុខយ៉ាងខ្លាំង ខណៈអ្នករងរបួសសរុបមានចំនួន ៤២នាក់ (ប្រុស២៦នាក់ និងស្រី១៦នាក់) ហើយមានស្ត្រីម្នាក់បានជាប់គាំងនៅក្នុងរថយន្ត ដែលតម្រូវឱ្យក្រុមសង្គ្រោះប្រើឧបករណ៍កាត់ដែករយៈពេល ៥នាទី ទើបអាចយកស្ត្រីរូបនោះចេញមកក្រៅបាន។ ជនរងគ្រោះភាគច្រើនមានរបួសបែកក្បាល និងមានស្នាមជាំលើរាងកាយ ដោយពួកគេទាំងអស់ គឺជាកម្មករជនជាតិមីយ៉ាន់ម៉ា ដែលបម្រើការងារក្នុងរោងចក្រមួយនៅតំបន់ឧស្សាហកម្ម Pinthong ។

អ្នកបើកបររថយន្តឈ្មោះ ធីវ៉ាត់ (Thiwat) អាយុ ៣២ឆ្នាំ បានរៀបរាប់ថា ខ្លួនបានដឹកកម្មករឆ្ពោះទៅរោងចក្រក្នុងល្បឿនយឺតទេ ប្រហែល ៣០-៤០ គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ ព្រោះរថយន្តធំ និងធ្ងន់។ ប៉ុន្តែនៅពេលចុះពីចំណោតភ្នំ Tabak ស្រាប់តែមានបញ្ហាអ្វីមួយនៅខាងមុខរថយន្តដែលគាត់មិនច្បាស់។ គាត់បានព្យាយាមប្តូរលេខហ្គែរមកលេខទាប និងព្យាយាមបត់គេចពីឡានកុងតឺន័រ ២ គ្រឿងនៅខាងមុខ ប៉ុន្តែចុងក្រោយរថយន្តនៅតែបាត់លំនឹង ហើយក្រឡាប់ធ្លាក់ផ្លូវតែម្ដង ។

អ្នកបើកបរបានសុំទោសកម្មករ និងម្ចាស់ឡានចំពោះហេតុការណ៍ដែលមិននឹកស្មានដល់នេះ។ បច្ចុប្បន្ន នគរបាលថៃ បានថតរូបទុកជាភស្តុតាង និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ដើម្បីបន្តនីតិវិធីស៊ើបអង្កេតតាមច្បាប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod Online