មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់ឥន្ធនៈ ថាមពលកកើតឡើងវិញ និងថាមពលអគ្គិសនី ដើម្បីកាត់បន្ថយប៉ះពាល់បរិស្ថាន និងការកាប់បំផ្លាញព្រៃឈើ

សៀមរាប៖ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ប៉ោ និមល បានថ្លែងថា ការចម្អិនស្អាតដោយប្រើប្រាស់ឥន្ធនៈ ថាមពលកកើតឡើងវិញ និងថាមពលអគ្គិសនី ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ បញ្ហាបរិស្ថាន ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការបញ្ចេញផ្សែងពុលក្នុងបរិយាកាសទៀត។
លោក ប៉ោ និមល បានលើកឡើងដូចនេះក្នុងពិធីបើក សន្និបាតថាមពលឆ្នាំ២០២៥ ដើម្បីអបអរខួប ២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល និងវិស័យចម្អិនស្អាតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) និងក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០២៥ នៅខេត្តសៀមរាប។ លោកបានលើកឡើងថា តាមការរំពឹងទុក បន្ទាប់ពីការអនុវត្តគម្រោងបានឃើញថា មានការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជនពីការចម្អិនដែលមានផ្សែង ទៅការចម្អិនស្អាតគ្មានផ្សែងគួរឱ្យកត់សម្គាល់ ដែលទាំងនេះបានរួមចំណែកដល់ការលើកម្ពស់សុខភាពប្រជាជន បរិស្ថាន កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងផ្សែងពុលក្នុងបរិយាកាស លើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងស្ថានភាពយែនឌ័រនៅកម្ពុជា។
លោកបញ្ជាក់ថា ដើម្បីឱ្យការប្រើប្រាស់ថាមពលអគ្គិសនីកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវ “គោលនយោបាយជាតិស្តីពី ប្រសិទ្ធភាពថាមពល ឆ្នាំ២០២២-២០៣០” ដែលបានចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលមានគោលបំណងជំរុញបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលនៅកម្ពុជាឱ្យតិចជាងមុន ប៉ុន្តែបំពេញភារកិច្ច ឬបង្កើតលទ្ធផលដូចមុន ឬល្អជាងមុន និងគោលដៅនៅឆ្នាំ២០៣០ គឺបន្ថយតម្រូវការប្រើប្រាស់អគ្គិសនីសរុបឱ្យបាន១៩% ស្មើនឹងកាត់បន្ថយតម្រូវការអានុភាពអគ្គិសនីប្រហែល ១៥០០មេហ្កាវ៉ាត់។ ដោយឡែក ការចម្អិនស្អាតដោយប្រើប្រាស់ឥន្ធនៈ ឬថាមពលកកើតឡើងវិញ និងថាមពលអគ្គិសនី ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ បញ្ហាបរិស្ថាន ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការបញ្ចេញផ្សែងពុលក្នុងបរិយាកាសទៀតផង។ លើសពីនេះទៅទៀត មធ្យោបាយចម្អិនស្អាតមានសារសំខាន់ណាស់ក្នុងការលើកតម្កើងសុខុមាលភាពរបស់សហគមន៍ តារយៈការកាត់បន្ថយហានិភ័យសុខភាពដែលបណ្តាលមកពីផ្សែង សុវត្ថិភាព និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការស្វែងរកអុស មានភាពងាយស្រួល និងការចំណេញពេលវេលាដើម្បីស្វែងរកប្រភពចំណូលក្នុងការលើកតម្កើងជីវភាព។ ជាក់ស្តែងការចម្អិនស្អាតក៏ត្រូវបានដាក់បញ្ចូលទៅក្នុង ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុរបស់កម្ពុជាដំណាក់កាលទី៣ ដែលមានគោលដៅសម្រេចបាននូវការប្រើប្រាស់ចង្ក្រានស្អាតទូទាំងប្រទេសកម្ពុជាក្នុងកម្រិត ៣០% នៅឆ្នាំ ២០៣០ និង ៦០% នៅឆ្នាំ ២០៣៥។
គម្រោងភូមិគ្មានផ្សែង ត្រូវបានដាក់ឲ្យអនុវត្តនៅក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២០ នៅស្រកពួក។
ជាមួយគ្នានេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានថ្លែងថា គម្រោងភូមិគ្មានផ្សែង បានចាប់ផ្តើមដំបូងនៅក្នុងខែតុលា ឆ្នាំ២០២០ ក្នុងនោះមានឃុំចំនួន៤ (ឃុំខ្នាត ឃុំសសរស្តម្ភ ឃុំកែវពណ៌ និងឃុំព្រៃជ្រូក) បន្ទាប់មកក៏បានពង្រីកទៅកាន់៤ឃុំបន្ថែមទៀតនៅក្នុងស្រុកពួក។ បន្ទាប់មក គម្រោងលើកកម្ពស់ការចម្អិនស្អាត(HTCC) ត្រូវបានអនុវត្តក្នុងស្រុកចំនួន៤ ក្នុងខេត្តសៀមរាប រួមមាន ស្រុកពួក ស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកប្រាសាទបាគង ដែលផ្តោតទៅលើការអភិវឌ្ឍចង្វាក់ផ្គត់ផ្គង់នៃចង្ក្រាន ដែលប្រើប្រាស់ថាមពលស្អាត មានចង្ក្រានអគ្គិសនី និងឡជីវឧស្ម័នផងដែរ។ គម្រោងទាំង២នេះបានជួយដល់គ្រួសារក្នុងភូមិគោលដៅឱ្យផ្លាស់ប្តូរឥរិយាបទពីការប្រើប្រាស់ថាមពលអុស ងាកមកប្រើប្រាស់ប្រភពថាមពលស្អាត និងបានពង្រីកលទ្ធភាពប្រជាជនទទួលបានសម្ភារចម្អិនស្អាត ដូចជា ចង្ក្រានអគ្គិសនី ហ្គាស និងចង្ក្រានបរិស្ថាន (ដូចជាចង្ក្រានសូឡា) និងឡជីវឧស្ម័នក្នុងការចម្អិនអាហារ។ លោកថា កិច្ចខិតខំប្រឹងប្រែងនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយខ្យល់ពុលនៅក្នុងផ្ទះ សន្សំពេលវេលាក្នុងការប្រមូលអុស កាត់បន្ថយការបំភាយ ឧស្ម័ន ផ្ទះកញ្ចក់ និងបានសម្រាលបន្ទុក និងហានិភ័យសម្រាប់ស្ត្រី និងកុមារផងដែរ។
ចំណែកលោក បាស្ទាន ទុនើ (Bastiaan Teune) ប្រធានផ្នែកថាមពលអង្គការ SNV ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ការអនុវត្តគម្រោងថាមពលចម្អិនអាហារស្អាត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលទទួលបានជោគជ័យ មិនមែនជាការជំរុញដោយម្ចាស់ជំនួយទេ ប៉ុន្តែវាបានកើតឡើងដោយសារប្រជាជនកម្ពុជា ដែលចង់បានការចម្អិនអាហារស្អាត។ លោកថា នៅពេលយើងចាប់ផ្តើមកម្មវិធី មនុស្សជាច្រើនគិតថាមហិច្ឆតារបស់យើងមិនអាចទៅរួចនោះទេ ប៉ុន្តែការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីបានបង្ហាញថាយើងអាចធ្វើវាបាន៕
អត្ថបទ៖ ជា ស្រស់











