ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ណែនាំឱ្យបង្កើនការបម្រើសេវាសាធារណៈ ដើម្បីពន្លឿនការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងឈានទៅបញ្ចប់ទាំងស្រុងទំនាស់ដីធ្លី

image


កំពង់ស្ពឺ៖ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី លោក ខ្លូត រតនា បានក្រើនរំឭកដល់មន្ត្រីសុរិយោដីឱ្យខិតខំ និងយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈ និងពន្លឿនការដោះស្រាយវិវាទដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់ទំនាស់ និងឈានដល់បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសតាមកាលកំណត់។ ការក្រើនរំឭកនេះ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ លើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ។

លោក ខ្លូត រតនា បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ជាមួយនោះក្រសួងក៏សម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការធានាបាននូវសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាពេលវេលាដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួងដែលជាឫសយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា។

លោក ខ្លូត រតនា បានបន្ថែមថា ជាមួយការសម្រេចបាននូវសមិទ្ធិផលធំៗ និងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៥០ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បង្កើនការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការដោយឈរលើគោលការណ៍អព្យាក្រឹត្យ មិនលម្អៀងលើភាគីវិវាទណាមួយ បន្តពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីបង្កើតភាពសុខដុមរមនាសង្គម និងបង្កភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន និងបន្តពង្រឹងការកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព»។ ម្យ៉ាងវិញទៀត ការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរ និងសំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋឱ្យមកនៅកម្រិតទាបបំផុត និងជៀសវាងដំបៅមហារីកក្នុងមន្ទីរដែនដីដោយសារតែការបម្រើសេវាមិនមានមនសិកា ការទទួលខុសត្រូវ និងគ្មានវិជ្ជាជីវៈ។

ជាមួយនឹងការក្រើនរំឭកនេះដែរ លោក ខ្លូត រតនា ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់របស់មន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ និងក្រុមការងារស្ម័គ្រចិត្ត បានបំពេញតួនាទីក្នុងការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធបានឆាប់រហ័ស និងចេញប្លង់រឹងជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺបានជាង ១លានក្បាលដី និងបានប្រកាសបញ្ចប់ការវាស់វែងមុនគេនៅទូទាំងប្រទេស៕


អត្ថបទ៖ ប៊ុត សារុន