ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ មនុស្សចាស់នៅកម្ពុជា និងនិវត្តន៍ជន បានទទួលអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីជាតិជំនួយសង្គម របស់រាជរដ្ឋាភិបាល

image


ភ្នំពេញ៖ លោក ជា សុមេធី រដ្ឋ មន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញញនូវយុទ្ធសាស្ត្របញ្ចកាណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានផ្តល់លើការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលក្នុងនោះ មាននិវត្តន៍ជន ជាមន្ត្រីរាជការស៊ីវិល និវត្តន៍ជនជាអតីតយុទ្ធជន ជនមានពិការភាព និងជនចាស់ជរាគ្មានទី ពឹង។

ការលើកឡើងរបស់លោក ជា សុមេធី បានធ្វើឡើងក្នុងពីធីអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ(ទី១តុលា) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងសង្គមកិច្ច។

លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣ -២០២៨ នៅក្នុងកម្មវិធីគោលនយោបាយ អាទិភាពទី៣( នៃគោលនយោបាយអាទិ ភាពទាំង៦) បានកំណត់យកកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងក្រុមងាយរងហានិភ័យពេលមានវិបត្តិសេដ្ឋកិច្ច ។

លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បញ្ជាក់ទៀតថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ត្រូវបានពង្រឹងអភិបាលកិច្ច និងបង្កើនប្រសិទ្ធភាព និងកម្មវិធីអភិវឌ្ឍន៌គាំពារសង្គមនានា ឱ្យកាន់តែទូលំទូលាយដល់គ្រួសារក្រីក្រ និងក្រុមជនងាយរង គ្រោះ រួមមាន ៖ ស្ត្រីមានផ្ទៃពោះ សិស្សក្រីក្រ នៅបឋមសិក្សា មធ្យមសិក្សា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ និងមនុស្សចាស់អាយុ ៦០ឆ្នាំឡើងទៅ។ រាជរដ្ឋាភិបាល បានពិនិត្យផ្តល់បណ្ណសមធម៌ដល់ប្រជាពលរដ្ឋក្រីក្រ និងមនុស្សចាស់ និវត្តជនជាអតីតយុទ្ធជន និវត្តជនជាអតីតមន្ត្រីរាជការស៊ីវិល ដើម្បីព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃផងដែរ។

លោករដ្ឋមន្ត្រី ជា សុមេធី បញ្ជាក់ផងដែរថា មនុស្សវ័យចាស់នៅកម្ពុជា បានទទួលអត្ថប្រយោជន៍ជាច្រើនពីការអនុវត្ត កម្មវិធីនានារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ -អន្តរជាតិ ។ មនុស្សវ័យចាស់ ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតសមាគមមនុស្សចាស់ និងតាមឃុំ-សង្កាត់ ទូទាំងប្រទេស។ល។

លោករដ្ឋមន្ត្រី បន្តថា មនុស្សចាស់ គឺជាបុព្វការីជន និងជាធន ធានដ៏មានសារៈប្រយោជន៍សំខាន់ក្នុងសង្គម ជំនឿសាសនា និងបទពិសោធន៏ ដ៏ច្រើនឥតគណនាក្នុងការកសាងសហគមន៏ សង្គម ។
លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រី និងក្រុមការងារពេលចុះមូលដ្ឋាន ត្រូវចុះសួរសុខទុក្ខមនុស្សដល់ខ្នងផ្ទះរបស់ពួក គាត់ឲ្យបានជាប់ជាប្រចាំ។ មនុស្សចាស់ បានចូលរួមផ្ដល់អត្ថប្រ យោជន៍ជួយសង្គមយ៉ាងច្រើន តាមរយៈការផ្ដល់ទស្សនទាន ការចែករំលែកបទពិសោធន៍ ចំណេះដឹងដល់ក្មេងជំនាន់ក្រោយ មនុស្សចាស់ គឺជាសេដ្ឋកិច្ចពណ៌ប្រាក់ ផ្តោតលើមនុស្សចាស់ដែលមានបទពិសោធន៏ចំណេះដឹងចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច តាមរយៈការប្រឹក្សាយោបល់៕

អត្ថបទ៖ វង សុភ័ក្ត្រ