សហភាពអឺរ៉ុប ឯកភាពគ្នាបញ្ឈប់ទិញឧស្ម័នពីរុស្ស៊ីត្រឹមដំណាច់ឆ្នាំ ២០២៧ ដោយងាកទៅរកថាមពលកកើតឡើងវិញ

អឺរ៉ុប៖ សហភាពអឺរ៉ុប កាលពីដើមសប្ដាហ៍នេះ បានឯកភាពគ្នាក្នុងការបញ្ឈប់ការប្រើប្រាស់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីត្រឹមដំណាច់ឆ្នាំ ២០២៧ ដែលជាវិធានការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយថាមពលរបស់ខ្លួន ។
វិធានការថ្មីនេះ ធ្វើឡើងក្រោមគោលបំណងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីពីការលក់ថាមពល និងជំរុញអឺរ៉ុបឱ្យងាកទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែរឱ្យបានកាន់តែច្រើនជាងមុនបន្ថែមទៀត ។
រដ្ឋមន្ត្រីក្រសួងថាមពលដាណឺម៉ាក លោក ឡាស អាហ្គាដ (Lars Aagaard) បានហៅផែនការនេះថាជា «កញ្ចប់នៃសេរីភាព» ដោយបានថ្លែងថា វានឹងរារាំងទាំងស្រុងដល់រុស្ស៊ីពីការលក់ឧស្ម័នទៅឱ្យបណ្តាប្រទេសសហភាពអឺរ៉ុប។ លោកបានបញ្ជាក់ថា គោលដៅមិនត្រឹមតែដើម្បីកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងដើម្បីកសាងអនាគតថាមពលដែលកាន់តែមានសុវត្ថិភាព និងឯករាជ្យសម្រាប់ទ្វីបអឺរ៉ុបផងដែរ ។
រដ្ឋមន្ត្រីដាណឺម៉ាកម្នាក់ទៀត លោក ឌែន ចហ្គេនសិន (Dan Jorgensen) បានទទួលស្គាល់ថា បណ្ដាប្រទេសខ្លះអាចនឹងប្រឈមនឹងបញ្ហាជាមួយនឹងការផ្គត់ផ្គង់ និងតម្លៃ ប៉ុន្តែលោកបានថ្លែងថា សហភាពអឺរ៉ុបនឹងជួយពួកគេដោះស្រាយចំពោះការផ្លាស់ប្ដូរនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ សំណើក្នុងការបញ្ឈប់នូវការទិញឧស្ម័នពីរុស្ស៊ី នឹងត្រូវត្រួតពិនិត្យដោយសភាអឺរ៉ុប ជាបន្តទៀត។ ទន្ទឹមនឹងនោះ ប្រទេសហុងគ្រី និង ស្លូវ៉ាគី ហាក់នៅតែប្រឆាំងនឹងផែនការខាងលើនេះ ដោយសារតែប្រទេសទាំងពីរកំពុងតែពឹងផ្អែកខ្លាំងទៅលើថាមពលរបស់រុស្ស៊ីដែលមានតម្លៃថោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Maxim Shemetov via REUTERS/ Freepik


