លោកស្រី ផែថងថាន ប្រកាសលាលែងពីតំណែងប្រធានបក្សភឿថៃ ដើម្បីកុំឱ្យប៉ះពាល់អនាគតរបស់បក្ស

ថៃឡង់ដ៍៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នឹងប្រកាសលាលែងពីតំណែងជាមេដឹកនាំគណបក្សភឿថៃ (Pheu Thai) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៥។
មុនដំបូង លោកស្រីនឹងជួបជាមួយតំណាងរាស្រ្តរបស់គណបក្សនៅម៉ោង ៨៖៣០នាទីព្រឹក ដើម្បីជូនដំណឹងពីការសម្រេចចិត្តខាងលើនេះ បន្ទាប់មកនឹងបន្តជួបជាមួយគណៈកម្មាធិការនាយកប្រតិបត្តិនៃគណបក្សនៅម៉ោង ៩៖៣០នាទីព្រឹក ដើម្បីត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី និងសមាជិកគណៈកម្មាធិការថ្មី ។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានឱ្យដឹងថា ការសម្រេចចុះចេញពីតួនាទីប្រធានបក្សរបស់លោកស្រី មានជាប់ទាក់ទងទៅនឹងការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ កាលពីថ្ងៃទី២៩ ខែសីហា ដែលបានដកលោកស្រីចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយចោទប្រកាន់ពីការរំលោភបំពានក្រមសីលធម៌ពាក់ព័ន្ធនឹងការបែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោហ៊ុនសែន នាពេលកន្លងមក។
ការផ្លាស់ប្តូរនេះ ត្រូវគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីការពារគណបក្សពីបញ្ហាផ្លូវច្បាប់ដែលអាចកើតមាន ហើយក៏អាចប៉ះពាល់ដល់បេក្ខភាពរបស់គណបក្សក្នុងការបោះឆ្នោតនាពេលអនាគត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English/ The Nation Thailand

