សន្តិសុខសង្គម

រថយន្តកុងតឺន័រ​បុក​ និងកិនមនុស្សម្នាក់ស្លាប់​ និងម្នាក់ទៀតបញ្ជូនទៅពេទ្យសង្គ្រោះបន្ទាន់

image


ភ្នំពេញ៖​ យុវជន២នាក់ជិះម៉ូតូឌុបគ្នា រហូតដល់ផ្លូវបំបែកក្រោមស្តុប ក៏ស្រាប់តែមានរថយន្តកុងតឺន័រឆ្លងផ្លូវស្របពេលផ្លូវរអិល ក៏ចាប់ហ្វ្រាំងម៉ូតូមិនទាន់ រអិលដួលបោកទៅក្រោមកង់រថយន្ត ត្រូវបានរថយន្តកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង ២:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្រោមស្តុប ផ្លូវបំបែកជា៣ វិថីចោមចៅ កែងផ្លូវទ្រុងមាន់ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តកុងតឺន័រ ១គ្រឿងបើកបរតាមបណ្តោយផ្លូវបេតុងទ្រុងមាន់ ខណ:យុវជនរងគ្រោះទាំង២ជិះម៉ូតូឌុបគ្នាតាមបណ្តោយវិថីចោមចៅ (ផ្លូវវេងស្រេង) ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-1024 ឌុបគ្នាពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បត់ឆ្វេងឆ្លងទៅផ្លូវចោមចៅឡើងបានពាក់កណ្តាលផ្លូវ ក៏ភាគីខាងម៉ូតូចាប់ហ្វ្រាំងមិនទាន់ ស្របពេលផ្លូវមានភ្លៀងរអិល ក៏ដួលម៉ូតូអូសចូលក្រោមកង់រថយន្តកុងតីន័រតែម្តង ខណ:ម្នាក់បានខ្ទាតចេញក្រៅ និងម្នាក់ទៀតខ្ទាតចូលទៅក្រោមកង់ ត្រូវបានរថយន្តកិនអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ និងដាច់ជើង​ ខណៈយុវជនម្នាក់ទៀត ត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរងរបួសធ្ង​ន់ ។ ចំណែកភាគីខាងរថយន្តបានគេចខ្លួន​បាត់។ បុរសដែលស្លាប់មានឈ្មោះ វ៉ាន់ ដា ភេទប្រុស អាយុប្រមាណជាង២០ឆ្នាំ និងបុរសរងរបួសធ្ងន់ មានឈ្មោះ ឡុង អាយុប្រមាណ២០ឆ្នាំជាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ៕


អត្ថបទ៖​ រដ្ឋ រង្សី