អគ្គិភ័យឆាបឆេះផ្ទះជួសជុល និងប្តូរប្រេងកង់បីឥណ្ឌា អស់ម៉ូតូ ៤គ្រឿង និងកង់បី១គ្រឿង
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះអស់មួយកំណាត់ខាងមុខនៃផ្ទះជួសជុល និងប្តូរប្រេងកង់បីឥណ្ឌា បង្កការខូចខាតម៉ូតូ៤គ្រឿង នឹងកង់បីឥណ្ឌា ១គ្រឿង និងបណ្តាលឱ្យមនុស្សចាស់ក្មេង ៣នាក់ ជាប់គាំងក្នុងផ្ទះ តែមិនមានអ្នកគ្រោះថ្នាក់ទេ កាលពីវេលាម៉ោង ១:៤០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុ បានប្រាប់អ្នកយកព័ត៌មាន CNC ឲ្យដឹងថា មុនពេលកើតហេតុគេបានឭសម្លេងផ្ទុះ២ដង ចេញពីផ្ទះកើតហេតុ ស្របពេលនោះក៏មានពលរដ្ឋបានស្រែកខ្លាំងៗថាមានភ្លើងឆេះ ខណៈនោះ អណ្តាតភ្លើងក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅចំណុចផ្ទះកើតហេតុ រហូតបង្កការរាលដាលដល់ ម៉ូតូ៤គ្រឿង និងកង់បីឥណ្ឌា ១គ្រឿង អស់ទាំងស្រុង។
ស្របពេលនោះក៏មានក្មេងប្រុសម្នាក់បានរត់ចុះមកក្រោមថាម្តាយរបស់ខ្លួន និងយាយ (អង្គុយលើរទេះរុញ ) កំពុងជាប់នៅបន្ទប់ខាងលើ។ ដោយសមត្ថកិច្ចបានឭដូច្នេះ ក៏បានប្រញាប់ប្រញាល់ឡើងទៅសង្គ្រោះមនុស្ស២នាក់ទៀតចុះមកក្រោមដោយសុវត្ថិភាព មិនមានរងរបួសនោះឡើយ ហើយក៏បានរាយការណ៍ទៅមន្ត្រីជំនាញអគ្គិភ័យភ្លាមៗផងដែរ។
បន្ទាប់ពីទទួលដំណឹងភ្លាម រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញដំណើររពីគ្រប់គោលដៅមកកាន់ទីតាំងកើតហេតុ ធ្វើការអន្តរាគមន៍បាញ់ពន្លត់។
ករណីអគ្គិភ័យនេះបានឆាបឆេះផ្នែកខាងមុខនៃផ្ទះអស់ស្ទើរទាំងស្រុង បង្កការខូចខាតកង់បីឥណ្ឌា១គ្រឿង ម៉ូតូ ៤គ្រឿង និងសម្ភារមួយចំនួន រួមទាំងរាលដាលដល់សំយ៉ាបផ្ទះក្បែរនោះអស់បន្តិចបន្តួច ក្នុងនោះមន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ ចំនួន ១០គ្រឿង រថយន្តជំនួយស្រាបៀរកម្ពុជា ១គ្រឿង រថយន្តទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង បាញ់ឱ្យរលត់ជាស្ថាពរ។
ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ។
អត្ថបទ៖ រដ្ឋ រង្សី