សន្តិសុខសង្គម

បើកបរក្នុងស្ថានភាពស្រវឹងស្រាទៅបុករះរបងផ្ទះពលរដ្ឋ​ បណ្តាលឱ្យខូចខាតសម្ភារមុខផ្ទះ

image


ភ្នំពេញ៖ បុរសម្នាក់បានបើកបរក្នុងស្ថានភាពស្រវឹងស្រា​ បានរេចង្កូតបុករះរបងផ្ទះប្រជាពលរដ្ឋ បង្កការខូចខាតសម្ភារនៅខាងមុខផ្ទះ​ កាលពីវេលាម៉ោង​ ៣:៤០នាទី ទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ៩០៧ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឱ្យដឹងថា​មុនពេលកើតហេតុ មានបុរសម្នាក់បើកបររថយន្ត KIA CARNIVAL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AL-3331 ក្នុងស្ថានភាពស្រវឹងស្រា​ ដោយបើកបរតាមបណ្តោយផ្លូវលេខ៩០៧ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតទៅផ្នែកខាងស្តាំបណ្តាលឲ្យបុករះគ្រឿងសម្ភារនៅខាងមុខបរិវេណផ្ទះប្រជាពលរដ្ឋ និងខ្ទាតថ្ម ទៅចំកញ្ចក់ទ្វារ បណ្តាលឲ្យបែកកញ្ចក់ចំនួន​ ២ផ្ទាំងថែមទៀត​ ប៉ុន្តែមិនមានអ្នករងរបួសធ្ងន់ធ្ងនោះទេ ដោយរថយន្តរងការខូចខាតចំហៀងផ្នែកខាងស្តាំមិនអាចបន្តដំណើរទៅមុខទៀតបាន ខណៈម្ចាស់រថយន្តបើកបរក្នុងស្ថានភាពស្រវឹង។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទុកឱ្យភាគីខាងរថយន្តធ្វើការដោះស្រាយសិន តែការដោះស្រាយពុំត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់៕


អត្ថបទ៖​ រដ្ឋ រង្សី