រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ខេត្តបាត់ដំបង មានភ្ញៀវទេសចរមកទស្សនាកម្សាន្តមានការកើនឡើង បន្ទាប់ពីស្ថានភាពអាកាសធាតុបានល្អប្រសើរឡើងវិញ
បាត់ដំបង៖ បន្ទាប់ពីស្ថានភាពអាកាសធាតុ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានភាពល្អប្រសើរ ពោលគឺមិនសូវមានភ្លៀងធ្លាក់ជោគជាំ ដែលធ្វើឱ្យតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រភ្នំសំពៅ ស្ថិតនៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តមានការកើនឡើងជាបន្តបន្ទាប់ ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឱ្យដឹងថា ចំនួនភ្ញៀវទេសរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយនេះបន្ទាប់ពីអាកាសធាតុមានភាពល្អប្រសើរឡើងវិញ ពោលគឺមិនសូវមានភ្លៀងធ្លាក់ជោគជាំ ។
លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានប្រមាណជាង២០០នាក់ ក្នុងមួយថ្ងៃ បានមកទស្សនាកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅ ក្នុងនោះភាគច្រើន គឺជាភ្ញៀវទេសចរអន្តរជាតិ ហើយក្រៅពីឡើងទៅទស្សនានៅលើខ្នងភ្នំសំពៅ និងតាមល្អាងភ្នំ ភ្ញៀវទេសចរទាំងនោះ បានមកអង្គុយរង់ចាំមើលហ្វូងសត្វប្រចៀវ ដែលមានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ បានហោះហើរចេញពីល្អាងភ្នំ ដែលមានទីតាំងស្ថិតនៅជិតវត្តភ្នំសំពៅផងដែរ ។
សូមបញ្ជាក់ថា នៅលើកំពូលភ្នំសំពៅ មានវត្តមួយឈ្មោះថា វត្តគិរីរម្យ មានល្អាង និងរូងភ្នំជាច្រើន សរុបទាំងអស់ចំនួន១២ រួមមានល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ឬល្អាងត្រជាក់ ល្អាងតែងខ្លួន ល្អាងល្ខោន ល្អាងជ្រៃ ល្អាងពេជ្រ ល្អាងខ្វែង ល្អាងប្រេង ល្អាងស្ថានីយ ឬល្អាងធំ ល្អាងក្បាលខ្មោច និងល្អាងប្រចៀវ ហើយល្អាងដែលភ្ញៀវទេសចរនិយមចូលទស្សនាច្រើនមានតែល្អាងផ្កាស្លា និងល្អាងល្ខោនតែប៉ុណ្ណោះ ។
នៅក្បែរភ្នំសំពៅ មានចង្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល និងនាងរំសាយសក់ ។ ចង្កោមភ្នំទាំងនោះមានភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ជាដើម ដែលចង្កោមភ្នំទាំងនោះគឺជាតំបន់រមណីយដ្ឋានដ៏សំខាន់ មានភ្ញៀវទេសចរបានទៅលេងកម្សាន្តជាបន្តបន្ទាប់មិនដែលដាច់ឡើយ ។
យ៉ាងណាក៏មន្ត្រីជំនាញទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបង ឱ្យបានច្រើននាឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤.១៥.១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈតំបន់រមណីយដ្ឋានជាង១០០ ទីតាំងនៅខេត្តបាត់ដំបង បានត្រៀមរង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរួចរាល់ ដោយមិនមានការតម្លើងថ្លៃសេវាកម្មផ្សេងៗដូចជាសេវាស្នាក់នៅ និងម្ហូបអាហារជាដើម ដើម្បីផ្តល់នូវជំនឿទុកចិត្តដល់អ្នកទេសចរទាំងអស់ ដែលបានមកលេងម្តងហើយ ចង់មកលេងម្តងទៀត ជាពិសេសបានភ្លក្សមុខម្ហូបឆ្ងាញ់ៗរបស់អ្នកស្រុកបាត់ដំបង ។
សូមបញ្ជាក់ថា ភ្នំសំពៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ភ្នំនេះមានកម្ពស់ប្រមាណ១០០ ម៉ែត្រ មានកាំជណ្តើរឡើងចំនួន១០៣០កាំ និងមានចម្ងាយ១៣ គ.ម ពីទីក្រុងបាត់ដំបង ។ លក្ខណៈពិសេសនៅរមណីយដ្ឋានភ្នំសំពៅនោះ គឺផ្ទាំងទស្សនីយភាពនៃហ្វូងសត្វប្រចៀវដែលមានចំនួនរាប់លានក្បាលបានហោះហើរចេញពីល្អាងភ្នំ ជារៀងរាល់ថ្ងៃនៅមុនពេលសូរិយារៀបអស្តង្គតនាពេលល្ងាច ចាប់ពីចន្លោះម៉ោង៥និង៣០នាទី ដល់ម៉ោង៦និង៣០នាទី គឺជាពេលវេលាដ៏ជាក់លាក់សម្រាប់ហ្វូងសត្វប្រចៀវចាប់ផ្តើមហោះហើរ បណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃនិងតម្រង់ជួរគ្នាចេញពីរូងដូចទឹករលកហោះសំដៅទៅកាន់គោលដៅរបស់ពួកវា ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី មានការជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំងនឹងទិដ្ឋភាពដ៏រស់រវើកអំពីដំណើរផ្សងព្រេងរបស់ហ្វូងសត្វប្រចៀវទាំងនេះជាពន់ពេក ៕
ដោយ៖ គួយ គឹមស៊ន