ព័ត៌មានជាតិ

សម្តេច ស ខេង៖ ក្រុមអតីតបក្សប្រឆាំង នៅក្រៅប្រទេស មិនយល់ពីលទ្ធិប្រជាធិតេយ្យកម្ពុជា

image

នាព្រឹកថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី សិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជាលើកទី៨ ក្នុងឱកាសនោះ សម្តេច ស ខេង បញ្ជាក់ថា ក្រុមអតីតបក្សប្រឆាំងនៅក្រៅប្រទេស ដែលកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ចូលកម្ពុជា ប៉ុន្តែបរាជ័យនោះ គឺដើម្បីធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល ស្របច្បាប់ ដែលទង្វើរបស់ពួកគេ មិនបានយល់ពីលទ្ធិប្រជាធិបតេយ្យ។

សិក្ខាសាលានាព្រឹកមិញនេះ មានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា តំណាងសាសនានានៅកម្ពុជា និងតំណាងអង្គការជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើនអង្គនាក់។

ទាក់ទងនឹងពិធីនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថានៅព្រះរាជាណាចក្រកម្ពុជា បានបើកទូលាយនូវសិទ្ធិសេរីភាពខាងសាសនាតាមស្មារតីនៃរដ្ឋធម្មនុញ្ញដោយបានដាក់បញ្ចូលវិស័យសាសនា ទៅក្នុងបាវចនាជាតិ គឺជាតិ សាសនា ព្រះមហាក្សត្រ ដែលជាការបង្ហាញឲ្យឃើញពីការពឹងអាស្រ័យគ្នាទៅវិញ ដើម្បីសុខសន្តិភាពក្នុងសង្គម ជាក់ស្ដែងវិស័យសាសនាបានចូលរួមអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ។

សម្តេច ស ខេង បន្តថា រាជរដ្ឋាភិបាលតែងជំរុញលើកទឹកចិត្តគ្រប់សាសនាក្នុងការបដិបត្តិទៅតាមគន្លងសាសនានីមួយៗ ដើម្បីបង្កើនការចូលរួមកសាងអំពើល្អ វាចាកអំពើហិង្សា ការរើសអើង ការបែងចែកជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនា ធ្វើជាឧបករណ៍ ឬធ្វើអាជីវកម្មដែលអាចបង្កជាវិបត្តិ ឬភាពចលាចលក្នុងសង្គមកម្ពុជា និងបានជំរុញប្រែក្លាយសក្ដានុពលសាសនានីមួយៗឲ្យទៅជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងពង្រឹងសុខសន្តិភាព ថែទាំប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គម។

សម្ដេច បានថ្លែងអំពាវនាវប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសាសនាទាំងអស់ បង្កើនការចូលរួមអប់រំផ្សព្វផ្សាយ និងអនុវត្ត ទិសស្លោក៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍អំពីបទល្មើសគ្រឿងញៀន ហើយបញ្ហាចរាចរណ៍ក៏ដូចគ្នាដែរ ដោយសម្ដេចបានអំពាវនាវឲ្យគ្រប់ភាគីផ្ដល់អាទិភាពដល់ការអនុវត្តច្បាប់ និងបានអំពាវនាវព្រះសង្ឃ និងថ្នាក់ដឹកនាំសាសនាទាំងអស់ចូលរួមបញ្ជ្រាបបញ្ហាទាំងនេះនៅពេលសម្ដែងព្រះធម៌ ឬនៅក្នុងកម្មវិធីសនានានា៕