ព័ត៌មានជាតិ

រដ្ឋបាលរាជធានីឯកភាពពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកឲ្យហើយនៅពាក់កណ្តាលឆ្នាំ២០២០

image

រដ្ឋបាលរាជធានីសន្យាស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែងនៅត្រង់ផ្សារដើមគនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកឲ្យហើយនៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ ខណៈដែលកុ្រមការងារជំនាញចាប់ផ្តើមកំណត់ទីតំាងស្ថាបនានិងខួងដីយកទៅពិសោធន៍រួចរាល់។

អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យក្រុមហ៊ុនចុះស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់ផ្សារដើមគនិងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកចាប់ពីសប្តាហ៍នេះទៅដើម្បីឲ្យទាន់តាមផែនការក្នុងរយៈពេល៦ខែទៀតរួចរាល់ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាពដែលមិនប្រឈម ទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។

ថ្លែងក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ការពន្លឿនស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះ ដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋចង់ឲ្យមានការស្ថាបនាឲ្យបានឆាប់។

ឯកឧត្តមបានបន្តថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគក្រុមមន្រ្តីជំនាញបានចាប់ផ្តើមស្ថាបនាជាបណ្តើរៗហើយដូចជាការកំណត់ទីតំាងការដ្ឋាន ការខួងដីយកទៅពិសោធន៍ និងការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ។

ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញអាចនឹងចុះកំណត់ទីតំាងស្ថាបនានៅសប្តាហ៍ក្រោយ ដោយសារក្រុមអ្នកជំនាញត្រូវការសិក្សាឲ្យបានល្អិតល្អន់បន្ថែមទៀត ព្រោះស្ពានអាកាសនេះនៅលើចំណុចផ្លូវប្រសព្វទំាង៤ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ។

ឯកឧត្តមអភិបាលបានបានអះអាងថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២នេះ នឹងស្ថាបនាឡើងឲ្យធានាបានគុណភាពខ្ពស់បំផុតរហូតដល់៥០ឆ្នាំឡើងទៅ ពិសេសការរចនា ជណ្តើរឡើងឲ្យមានភាពងាយស្រួលឡើងចុះទំាងកុមារនិងមនុស្សចាស់ ដែលអាចធ្វើដំណើរឆ្លង កាត់បាន។

តំណាងក្រុមហ៊ុនស្ពេក មេឌៀ ដែលទទួលសិទ្ធិក្នុងស្ពានអាកាសថ្មើរជើងទំាង២កន្លែង នេះបានសន្យានឹងអនុវត្តផែនការស្ថាបនាគ្រោងស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះឲ្យ ហើយតាមផែនការកំណត់ ហើយប្រកបដោយគុណភាពនិងសោភណភាពដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យធ្វើដំណើរឆ្លងកាត់ស្ពានអាកាសថ្មើរជើងនេះ។

សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា