ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ៖ លទ្ធផលប្រឡងបាក់ឌុបនឹងត្រូវប្រកាសតាមការគ្រោងទុក

image

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯ.ឧ បណ្ឌិត រស់ សុវាចា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ដំណើរការបូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុដោយប្រព័ន្ធកុំព្យូទ័រ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រេចបានប្រមាណ៨០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៨ ខែកញ្ញា។

ឯ.ឧ បណ្ឌិត រស់ សុវាចា បានបញ្ជាក់ថា សម្រាប់ការប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងតាមការគ្រោងទុក នៅសប្ដាហ៍ក្រោយ ពោលលទ្ធផលនឹងប្រកាសនៅថ្ងៃទី១០ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១១ ខែកញ្ញា សម្រាប់បណ្ដាខេត្តផ្សេងៗ។

អ្នកនាំពាក្យក្រសួងអប់រំ បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងការងារស្រងបូកពិន្ទុដោយកុំព្យូទ័រ ហើយការផ្ទៀងផ្ទាត់ពិន្ទុ មកដល់ពេលនេះ គឺក្រសួងបានសម្រេច៧០ភាគរយ ទៅតាមកាលវិភាគដែលបានគ្រោងទុក ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញាខាងមុខនេះ។ ហើយចំណែកការប្រកាសលទ្ធផល នឹងប្រព្រឹត្តទៅតាមកាលវិភាគដែលបានគ្រោងទុក»៕