ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគីរី៖ ស្លាកសញ្ញាចរាចរណ៍ និងដុំបំភ្លឺផ្លូវ ឬចំណាំងផ្លាត មានអត្ថប្រយោជន៍យ៉ាងសំខាន់ ចំពោះការធ្វើដំណើររបស់ពលរដ្ឋ ទាំងយប់ទាំងថ្ងៃ
រតនគិរី៖ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគីរី បានបញ្ជាក់ថា ការរៀបចំដាក់ស្លាកសញ្ញាចរាចរណ៍ គូសគំនូស និងដុំបំភ្លឺផ្លូវ ឬចំណាំងផ្លាត តាមដងផ្លូវ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ទាំងពេលយប់ និងពេលថ្ងៃ។
ការបញ្ជាក់បែបនេះ របស់លោកប្រធានមន្ទីរ បានលើកឡើងនៅក្នុងឱកាសដឹកនាំមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យមើលការសាងសង់ជួសជុល ផ្លូវជាតិលេខ៧៨ ចេញពី ក្រុងបានលុង ទៅច្រកទ្វារអន្តរជាតិ អូយ៉ាដាវ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរសាធារណការខេត្ត បានលើកអំពីគុណសម្បត្តិ នៃការដាក់ស្លាកចរាចរណ៍តាមផ្លូវកោង តាមតំបន់ឡើងចុះ តាមក្បាលស្ពាន និងការដាក់ចំណាំងផ្លាត សម្រាប់ពេលយប់ ដូចជាភ្នែកកង្កែប ឬភ្នែកឆ្មា ឬដុំចំណាំងផ្លាត សម្រាប់បំភ្លឺនៅពេលយប់ថា ទាំងអស់នេះសុទ្ធតែជាផ្នែកមួយ នៃការពញ្ញាក់អារម្មណ៍ និងជាសញ្ញាបង្ហាញថា ឲ្យយើងបន្ថយល្បឿន ក្នុងការបើកបរ ដើម្បីបញ្ជៀសពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
លោកបន្តទៀតថា ចំពោះភ្នែកកង្កែប ឬភ្នែកឆ្មា ដែលដាំនៅលើទ្រូងផ្លូវជាតិ គឺជាសញ្ញាមួយបញ្ជាក់ អំពីការបើកបរឲ្យត្រូវគន្លង ស្ដាំរបស់យើង ហើយជាពិសេស សម្រាប់ជំនួយក្នុងការបើកបរ នៅពេលយប់ទៀតផង ដែលអាចឲ្យអ្នកធ្វើដំណើរ បានឃើញច្បាស់អំពីផ្លូវកោង ឬផ្លូវបត់ជាដើម។
លោកថា ជារៀងរាល់ពីរសប្តាហ៍ម្ដង លោកបានបែងចែកកម្លាំងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ចុះទៅជូតសំអាត និងពិនិត្យមើល រាល់ស្លាកសញ្ញាតាមក្បាលស្ពាន តាមផ្លូវបត់ ដើម្បីថែទាំ និងកែលម្អរ ឱ្យរក្សាបាននូវលក្ខណៈដើម ដើម្បីងាយស្រួលក្នុងការមើលឃើញគំនូស និងផ្លាកសញ្ញាឲ្យបានច្បាស់ ជៀសវាងការបែកបាក់ ឬរលំដោយសារខ្យល់ជាដើម។
លោក ក៏បានអំពាវនាវ ទៅដល់សាធារណជនទាំងអស់ ដែលបានធ្វើដំណើរនៅលើដងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវ សូមជួយថែរក្សាស្លាកសញ្ញា សម្រាប់បង្ហាញពីគោលដៅ ចរាចរណ៍ ផ្លូវវាង ផ្លូវបទ ជាពិសេស គឺចំណាំងផ្លាត នៅពេលយប់ ហើយក្នុងករណី ដែលប្រជាពលរដ្ឋ បានឃើញដើមឈើ ឬមែកឈើរលំនៅលើដង ផ្លូវសូមឲ្យរាយការណ៍ មកអាជ្ញាធរ ឬមន្ទីរសាធារណការផ្ទាល់ ដើម្បី រៀបចំកម្លាំង ចុះទៅយកចេញ ជៀសវាងការគ្រោះថ្នាក់កើតឡើង៕
ដោយ៖ ប៉េស សារី


