សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២ម៉ឺនម៉ែត្រគុបក្នុង១ ថ្ងៃ
អត្ថបទលោក ហ៊ន សុភ័ក្រ
ព្រះសីហនុ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យសមិទ្ធផលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុនៅព្រឹក
ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣នេះ ។
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ ស្ថិតនៅព្រែកអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សម្រេចការសាងសង់បានប្រមាណ ៩០%ហើយ ខណៈដែលស្ថានីយ២ បានកសាងដំណើរការរួចទៅហើយ ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥២០០ ម៉ែត្រគុបក្នុង ១ថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី ៣ ដែលមានផ្ទៃដី ៣៦៤ ហិកតាស្ថិតក្នុងសង្កាត់លេខ ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧២០០ ម៉ែត្រគុបក្នុង ១ថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី ៤ ដែលមានផ្ទៃដី ៤៨៦ ហិកតាស្ថិតក្នុងសង្កាត់លេខ ៣។ ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣នេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០ ០០០ ម៉ែត្រគុបក្នុង ១ថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី ៥ និងតំបន់ទី ៦ ដែលមានផ្ទៃដី ២៦៩០ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៤។
ការសាងសងនេះ ជាស្នាដៃកូនខ្មែរ ដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយអំពីបញ្ហាទឹកកខ្វក់ហូរចូលទៅសមុទ្រដោយផ្ទាល់បង្កឲ្យប៉ះពាល់បរិស្ថានជីវៈចម្រុះនៅក្នុងសមុទ្រក៏ដូចជាតំបន់ឆ្នេរ៕



