ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម សម្រេចសង់ស្ពានថ្មមួយកន្លែងក្នុងស្រុកកោះសូទិនវិញ បន្ទាប់ពីព្រះសង្ឃ និងពលរដ្ឋបានចាក់ដីលុប ដើម្បីធ្វើផ្លូវឆ្លងកាត់បណ្ដោះអាសន្ន ក្នុងទន្លេតូច

image


អត្ថបទ៖ ហ៊ាង ថាច
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងក្រុមការងារបច្ចេកទេស នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២៣នេះ បានចុះពិនិត្យនិងសម្រេចសង់ស្ពានថ្មបេតុងឆ្លងកាត់ទន្លេតូច១កន្លែង ស្ថិតនៅចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិនវិញជូន ប្រជាពលរដ្ឋ បន្ទាប់ពីព្រះសង្ឃ និងប្រជាពលរដ្ឋបាននាំគ្នាចាក់ដីលុប ដើម្បី ធ្វើផ្លូវឆ្លងកាត់បណ្ដោះអាសន្ន ពីត្រើយម្ខាង ទៅត្រើយម្ខាង នៃទន្លេតូច។

​ក្នុងគ្រានោះ លោកអភិបាលខេត្តកំពង់ចាម​ បានមានប្រសាសន៍ថា យុទ្ធសាស្ត្រ ដោះស្រាយបញ្ហាជូនពលរដ្ឋ នៅចំណុចកើតហេតុខាងលើនេះ គឺឈរលើគោលការណ៍ ឈ្នះឈ្នះ ទាំងអស់គ្នា ដោយ  ទី១.អាជ្ញាធរសម្រេចកាយដីចេញ ពីទីតាំងដែលព្រះសង្ឃ និងប្រជាពលរដ្ឋ បានចាក់ដីលុប ដើម្បី ធ្វើផ្លូវឆ្លងកាត់បណ្ដោះអាសន្ន ពីត្រើយម្ខាង ទៅត្រើយម្ខាង នៃទន្លេតូចនោះ ចេញវិញ ឱ្យបានដូចស្ថានភាពដើមវិញ ។ ទី២.អាជ្ញាធរសម្រេច សាងសង់ស្ពានបេតុង ១កន្លែង មានប្រវែង ពី ៩០ ទៅ ១០០ ម៉ែត្រ ដើម្បី សម្រួលដល់ការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋ នៅទីនោះ និងជាការបញ្ចប់ជម្លោះ ដណ្តើមទឹកគ្នា ក៏ដូចជា ការជួយសម្រួល ដល់ចរន្តទឹកទឹក ឱ្យហូរមានលក្ខណៈជាប្រក្រតីវិញ ដើម្បី ឱ្យបងប្អូនប្រជាពលរដ្ឋ នៅផ្នែកខាងក្រោម ពិសេស នៅស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានទឹកប្រើប្រាស់គ្រប់គ្រាន់ ដែលមានប្រភពចេញពីទន្លេមេគង្គ កាត់តាមទន្លេតូច ក្នុងក្នុងចំណុចស្រុកកោះសូទិននេះ។ លោក អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ការសាងសង់ស្ពានបេតុង ១កន្លែងនេះ អាជ្ញាធរខេត្ត កំពុងជំរុញនីតិវិធី ដើម្បី ឱ្យមានការចាប់ផ្ដើមដំណើរការសាងសង់ឱ្យបានឆាប់ នៅក្នុងឆ្នាំ ២០២៣ នេះតែម្តង។

សូមជម្រាបថា ក្រោយការដោះស្រាយ របស់លោកអភិបាលខេត្តកំពង់ចាម បានធ្វើឱ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះ មានសេចក្ដីរំភើប សប្បាយរីករាយក្រៃលែង និងបានស្រែកអបអរសាទរចំពោះ ចំពោះលោកអភិបាលខេត្ត ដែលបានដឹកនាំក្រុមការងារ ចុះមកដោះស្រាយបញ្ហា ដែលជាក្តីកង្វល់ របស់ពួកគាត់ ជាយូរ មកហើយនោះ៕