បីថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរណជាង២លាននាក់
អត្ថបទ៖ ជា ស្រស់
សៀមរាប៖ ក្នុងរយៈពេលបីថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានអ្នកទេសចរប្រមាណជាង២លាននាក់ចូលមកកម្សាន្តនៅខេត្តសៀមរាប ក្នុងនោះអ្នកទេសចរណបរទេសមានជាងមួយម៉ឺននាក់។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានភ្ញៀវទេសចរជាតិ-អន្តរជាតិនិងប្អូនប្រជាពលរដ្ឋដើរកម្សាន្តមានចំនួនប្រមាណ ២.១២០.៣៧៣នាក់ ក្នុងនោះ
ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២.១០៧.០០០ នាក់ ក្នុងនោះ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ១.៧៥០.០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ៣៨.០០០ នាក់តំបន់ទន្លេសាបមានចំនួនប្រមាណ ២៤.០០០ នាក់សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥.០០០ នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣.៣៧៣ នាក់ ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត នៅថ្ងៃទី១នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានអ្នកចូលមកកម្សាន្តជាង៤០ម៉ឺននាក់ នៅថ្ងៃទី២មានចំនួនជាង៦៥ម៉ឺននាក់ និងថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់ មានអ្នកចូលមកកម្សាន្តចំនួនប្រមាណមួយលាននាក់៕
















