ព័ត៌មានជាតិ

កម្ពុជា ដាក់ចេញយុទ្ធសាស្ត្រទាក់ទាញអ្នកមានទេព្យកោសល្យទាំងជនជាតិខ្មែរ និងបរទេស ដើម្បីជួយអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

image


អត្ថបទ៖ ចេង ឆហួត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានចាប់ផ្តើមរៀបចំនូវយុទ្ធសាស្ត្រ ដើម្បីធ្វើការទាក់ទាញអ្នកដែលមានទេពកោសល្យទាំងជនជាតិខ្មែរ និងបរទេស ពិសេសពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីឲ្យពួកគាត់ចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកដោយចីរភាព ក្នុងទិសដៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។

លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ស្របពេលបច្ចេកវិទ្យាកាន់តែទំនើប និងជឿនលឿន ប្រទេសនីមួយៗ បានដាក់ផែនការសម្រាប់អភិវឌ្ឍន៍ប្រទេសរបស់គេរៀងៗខ្លួន ចំណែកកម្ពុជា ក៏ដូចគ្នាដែរ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្ររួចហើយ ក្នុងគោលបំ ណងប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងបច្ចេកវិទ្យានៅអាស៊ាននាពេលអនាគត។

លោករដ្ឋលេខាធិកា បានបន្តថា ជាជំហានដំបូងតាមរយៈ ស.ជ.ណ លេខ៩៣ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឲ្យមានការរៀបចំនូវមជ្ឈមណ្ឌលផ្ទេរព័ត៌មានវិទ្យានៅកម្ពុជា ដែលយើងត្រូវធ្វើយ៉ាងណាដើម្បីដើរឲ្យលឿន និងដើរឲ្យទាន់ប្រទេសជិតខាងមួយចំនួន។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួង បានចាប់ផ្តើមរៀបចំនូវយុទ្ធសាស្ត្រដើម្បីធ្វើការទាក់ទាញអ្នកដែលមានទេពកោសល្យទាំងជនជាតិខ្មែរ និងបរទេស ដើម្បីឲ្យពួកគេចូលមកកម្ពុជារបស់យើងជួយអភិវឌ្ឍន៍ទៅលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍នេះ។

លោកបានបញ្ជាក់ថា៖ «កម្ពុជា នឹងមានការលើកទឹកចិត្តជាច្រើន ប៉ុន្តែមិនទាន់ដឹងថាតើយើងនឹងធ្វើការលើកទឹកចិត្តទៅលើអ្វីខ្លះទៅលើពួកគេដែលមានសមត្ថភាពខ្ពស់ ខណៈដែលនៅបណ្តាប្រទេសមួយចំនួនគេឲ្យចូលជាសញ្ជាតិរបស់គេ, គេមានផ្តល់ប្រាក់បៀវត្សរ៍ និងរបៀបរបបរស់នៅដ៏ល្អប្រសើរមួយចំនួនផងដែរ»។

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសគឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងក្នុងគោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យដែលកម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

លោករដ្ឋលេខាធិការ ហេង សុខគង់ បានអះអាងថា ដើម្បីប្រមូលផ្តុំធនធានមនុស្ស ក្រសួង បានរៀបចំបញ្ជីសារពើភណ្ឌមួយ ដោយរហូតមកដល់ពេលនេះយើងរកបានជាង ២ម៉ឺននាក់ហើយ ដែលសិក្សាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទាំង ៥ទ្វីប មានទាំងកម្រិតបរិញ្ញា បត្រ អនុបណ្ឌិត វេជ្ជបណ្ឌិត និងបណ្ឌិត ដែលយើងកំពុងសិក្សាមើលតើពួកគាត់មានជំនាញអ្វីខ្លះ ដោយពីមុនមកយើងមិនដឹងនោះទេ។

ទន្ទឹមនឹងនេះ លោក ក៏បានលើកជាទាហរណ៍មួយថា មានបងប្អូនខ្លះគាត់បញ្ចប់ផ្នែកបណ្ឌិតផ្នែកវិទ្យាសាស្ត្រទឹកក្រោមដី នៅប្រទេសជប៉ុន ប៉ុន្តែពេលគាត់មកកម្ពុជាវិញ គឺលក់សាច់អំាងជប៉ុន។ ដូច្នេះយើងស្តាយធនធានដែលគាត់ខំទៅសិក្សានៅក្រៅប្រទេស ហើយគាត់បែរជាទុកចោល។ ដូច្នេះយើងត្រូវធ្វើយើងណា ដើម្បីប្រមូលផ្តុំធនធានមនុស្ស ដើម្បីសម្រេចចក្ខុវិស័យរបស់យើងឲ្យបាន។

យ៉ាងណាមិញ លោករដ្ឋលេខាធិការ ក៏បានអះអាងទៀតថា កន្លងមកក្រសួងក៏បានផ្តល់នូវលក្ខខណ្ឌពិសេសក្នុងការទទួលយកធនធានមនុស្សបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាង ៥០នាក់ ឲ្យចូលបម្រើការងារក្នុងក្រសួងដោយមិនចាំបាច់ប្រឡង និងផ្តល់តួនាទៅតាមជំនាញរបស់ពួកគាត់ ដើម្បីចូលរួមបម្រើប្រទេសជាតិ។

ក្រៅពីនេះ លោកថា ក្រសួងក៏បានដាក់បញ្ចូលអ្នកមានទេព្យកោសល្យ ដែលមានជំនាញ និងកម្រិតវប្បធម៌ខ្ពស់មកពីក្រសួង-ស្ថាប័នផ្សេងៗ ចូលជាក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាធនាគារខួរក្បាលនៃវិស័យវិទ្យាសាស្ត្ររបស់កម្ពុជាផងដែរ។

សូមជម្រាបថា កាលពីឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ និងផែនទីបង្ហាញផ្លូវស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០៣០ ក្នុងគោលបំណងពង្រឹងមូលដ្ឋានគ្រឹះ និងកែលម្អបរិកាសនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនឲ្យកាន់តែប្រសើរ និងអភិវឌ្ឍន៍ប្រព័ន្ធអេកូនវានុវត្តន៍ នៅគ្រប់កម្រិត និងគ្រប់វិស័យ៕