ព័ត៌មានជាតិ

ព្រះមហាក្សត្រ នឹងយាងសុំព្រះអគ្គីពីព្រះអាទិត្យនៅប្រាសាទអង្គរវត្តសម្រាប់ប្រទានព្រះអគ្គីកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានឲ្យដឹងថា នៅព្រឹកព្រហាមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន «ព្រះអគ្គីកីឡា» ដែលជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន បានបន្តថា ការជ្រើសរើសយកទីតាំងប្រាសាទអង្គរវត្ត សម្រាប់ប្រទាន «ព្រះអគ្គីកីឡា» ដែលជាភ្លើងអាទិទេពមកធ្វើជាភ្លើងគប់បែបនេះ គឺកម្ពុជាមានលំនាំដូចគ្នានឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ឆ្នាំ១៩៦៦ ដែលមានការរៀបចំយកភ្លើងអាទិទេពពីប្រាសាទអង្គរវត្តមកដែរ។ នេះជារបៀបរបបប្រពៃណី និងតាមគន្លងកីឡារបស់យើង ក្នុងប្រវត្តិសាស្ត្រយើងដែរ។ លោកថាបើតាមគម្រោងបន្ទាប់ពីព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ គឺការរត់ភ្លើងគប់ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមចេញពីខេត្តសៀមរាប ដោយនឹងរៀបចំការរត់ភ្លើងគប់នៅវង់តូចអង្គរ ១ជុំ រួចបន្តទៅកាន់បណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួចបន្តរត់នៅជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ហើយនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

ជាមួយគ្នានោះដែរ លោកអគ្គលេខាធិការ ក៏បានជំរុញ និងណែនាំបន្ថែមដល់អាជ្ញាធរខេត្ត ជាពិសេសកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់រៀបរយនៅមុន និងពេលចាប់ផ្ដើមពិធី ជូនដល់ថ្នាក់ដឹកនាំ រួមនឹងសាធារណៈជនទូទៅ ធ្វើយ៉ាងកុំឲ្យមានបញ្ហាណាក៏មួយជាយថាហេតុ។ ក្នុងនោះលោកក៏បានជំរុញ និងលើទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប សូមចូលរួមឲ្យបានទាំងអស់គ្នា តាមរយៈការរៀបចំតាមគេហដ្ឋានផ្ទាល់ខ្លួន ដោយមានការចងបដា និងទង់ជាតិខ្មែរយើងឲ្យបានច្រើនកុះករ ដើម្បីជាការជួយលើសោភណភាព និងបង្ហាញ់ពីមោទកភាពសម្រាប់កម្ពុជាយើងក្នុងការដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាយើងផងដែរ។

ការលើកឡើងរបស់លោក វ៉ាត់ ចំរើន ​បានធ្វើឡើងបន្ទាប់ពីលោក បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងប្រារព្ធពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ៕