សម្តេចតេជោ ហ៊ុន សែន៖ ការតភ្ជាប់ផ្លូវស្ពាន ជាអាទិភាពរបស់ខ្ញ៉ំ ហើយយើងមានគម្រោងកសាងផ្លូវស្ពានច្រើនទៀត
អត្ថបទ៖ លោក ហ៊ន សុភ័ក្រ
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញ៉ំនៅតែផ្ដល់អាទិភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ស្ពាន ការតភ្ជាប់ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រកបដោយសមធម៌»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវពីរខ្សែ(១៤៦B+១៤៨) នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ការកសាងផ្លូវកសាងស្ពាន គឺជាការបែកចែកផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រកបដោយសមធម៌ ផ្លូវស្ពានអាចប្រើបានគ្រប់ៗគ្នាប្រកបដោយសមធម៌»។ សម្តេចក៏បានបញ្ជាក់ផងដែរថា «យើងមិនអាចយកលុយទៅចែកជូនប្រជាពលរដ្ឋទេ តែប្រសិនបើយើងធ្វើផ្លូវធ្វើស្ពាន គឺយើងបានផ្ដល់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនពលរដ្ឋថា «រាជរដ្ឋាភិបាល ក៏នៅតែបន្តចាត់ទុក និងផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដែលបានអនុញ្ញាតឱ្យមានការសាងសង់ ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់ រួមមាន៖ គម្រោងកសាងស្ពានឆ្លងទន្លេនៅក្រចេះ គម្រោងផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងល្ពៅ) ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៦៧ ផ្លូវជាតិលេខ៦៨ កំណាត់ផ្លូវជាតិលេខ៧(ស្ពន់-កំពង់ចាម ពង្រីកពី២គន្លង ទៅ៤គន្លង) ផ្លូវជាតិលេខ៨ ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ផ្លូវជាតិតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្ត
កំពង់ធំ (ផ្លូវជាតិលេខ៥០C) ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ស្ពានទន្លេមេគង្គតភ្ជាប់ទៅផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ស្ពានទន្លេមេគង្គខេត្តក្រចេះ ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) និងស្ពានមិត្តភាពកម្ពុជា-កូរ៉េ(ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗ ខាងមុខនេះ»៕














