ព័ត៌មានជាតិ

ក្រសួងសាធារណការ អំពាវនាវឲ្យម្ចាស់រថយន្តដែលផុតសុពលភាពឆៀកទាំងអស់ រួសរាន់យកឡានមកធ្វើការឆៀក ចៀសវាងរងការផាកពិន័យ ខណៈបច្ចុប្បន្នយានយន្តហួសសុពលភាពឆៀកជាង ១៧ម៉ឺនគ្រឿង

image


អត្ថបទ៖ គិន ច័ន្ទពុទ្ធិ​
ភ្នំពេញ៖ ​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការអំពាវនាវឲ្យម្ចាស់រថយន្តដែលផុតសុពលភាពឆៀកទាំងអស់ រួសរាន់យកឡានមកធ្វើការឆៀកបន្ត ដើម្បីកុំឲ្យរងការផាកពិន័យ ខណៈបច្ចុប្បន្នយានយន្តហួសសុពលភាពឆៀកមានជាង ១៧ម៉ឺនគ្រឿង។

ការថ្លែងនេះរបស់លោក ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឱកាសអញ្ជើញចុះពិនិត្យមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)ថ្មីមួយទៀត ដែលមានទីតាំងនៅផ្សារដីហុយ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ម្ចាស់យានយន្តទាំងអស់ដែលបានផុតសុពលភាពឆៀក សូមរួសរាន់យានយន្តរបស់ខ្លួនមកធ្វើការឆៀក ឬហៅថាការត្រួតពិនិត្យបច្ចេកទេស ដើម្បីបន្តសុពលភាពបន្តទៀត ចៀសវាងទទួលរងការផាកពិន័យ ខណៈការផាកពិន័យគឺមាន២ ដោយទី១ នឹងរងការផាកពិន័យពីក្រសួងសាធារណការដោយគិតលើចំនួនថ្ងៃដែលលើសសុពលភាព និងការផាកពិន័យទី២ គឺការផាកពិន័យពីសំណាក់ប៉ូលិសចរាចរពេលយើងធ្វើដំណើរលើដងផ្លូវ។

​រដ្ឋមន្ត្រីក្រសួងសាធារណការបានឲ្យដឹងថា បច្ចុប្បន្នមានយានយន្ត​ជាង ១៧ម៉ឺនគ្រឿងដែលបានផុតសុពលភាពឆៀក ដែលតម្រូវឲ្យម្ចាស់យានយន្តទាំងនោះត្រូវប្រញាប់មកធ្វើការឆៀកបន្ត ខណៈតាមច្បាប់យានយន្តដែលហួសសុពលភាពឆៀកនឹងត្រូវផាកពិន័យគិតទៅលើចំនួនថ្ងៃដែលបានលើសនោះ ដោយក្នុង១ថ្ងៃត្រូវពិន័យចំនួន ៥០០រៀលសម្រាប់ប្រភេទយានយន្តគ្រួសារ និងផាកពិន័យចំនួន ២០០០រៀល សម្រាប់ប្រភេទយានយន្តដឹកទំនិញធុនធំ៕