ព័ត៌មានជាតិ

ក្រសួងវប្បធម៌ បើកប្រកួតស្នាដៃភាពយន្តខ្នាតខ្លី ដែលជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង

image


ភ្នំពេញ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២។ មហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ នឹងត្រូវធ្វើឡើងរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយពិធីបើកមហោស្រព គឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥រសៀល និងពិធីបិទមហោស្រពនឹងធ្វើ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥រសៀលដូចគ្នា។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងក្នុងសន្នីសីទសារព័ត៌មាន នៅរោងភាពយន្តលេជិន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ ដើម្បីបើកការប្រឡងប្រជែងស្នាដៃភាពយន្តខ្នាតខ្លី ដែលជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង និងជំរុញលើកទឹកចិត្តដល់យុវជន ឱ្យអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិត សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ វិស័យភាពយន្តជាតិ។ ចាប់តាំងពីថ្ងៃទទួលពាក្យស្នើសុំ ចូលរួមប្រកួតប្រជែង គណៈកម្មការរៀបចំមហោស្រព បានទទួលស្នាដៃភាពយន្តខ្នាតខ្លីសុំចូលប្រកួតប្រជែងចំនួន ៣៥ស្នាដៃ ក្នុងនោះមាន ៤ស្នាដៃ ជាស្នាដៃរបស់សិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញផលិតភាពយន្តខ្នាតខ្លី (Cambodia Film Lab) ដែលរៀបចំដោយនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងធ្វើការដឹកនាំបណ្តុះបណ្តាលដោយលោក Deependra Gauchan។

លោកប្រធាននាយកដ្ឋានសិល្បភាពយន្ត បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះផ្តោតលើមុខវិជ្ជា ៣ សំខាន់ គឺ មុខវិជ្ជា សរសេរអត្ថបទនិពន្ធភាពយន្ត (Script), មុខវិជ្ជាដឹកនាំរឿង(Directing) និងថតភាពយន្ត (Cinematography) ដែលចាប់ផ្តើមតាំងពីខែកញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះស្នាដៃភាពយន្តទាំងអស់នឹងឆ្លងកាត់ការពិនិត្យវាយតម្លៃជា ២ដំណាក់កាល ដោយអនុគណៈកម្មការមេប្រយោគ របស់មហោស្រព។

ជាមួយគ្នានេះ លោក ឯក ប៊ុនថា អគ្គនាយករង អគ្គនាយកដ្ឋាន បច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ បានអបអរសាទរ ចំពោះការបង្កើតស្នាដៃថ្មីៗ របស់យុវផលិតករវ័យក្មេងដែលបានចំណាយពេលពីការរៀនសូត្រ មកចូលរួមផលិតស្នាដៃភាពយន្ត ហើយក៏កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំមហោស្រព។ ក្នុងនោះក៏មានដៃគូសហការ និងក្រុមហ៊ុននានាដែលបានឧបត្ថម្ភគាំទ្រ ដល់ដំណើរការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ ឆ្នាំ២០២២។

សូមបញ្ជាក់ថា ភាពយន្តខ្នាតខ្លីទាំង៣៥ស្នាដៃនេះ នឹងអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃ ដែលខ្លួនពេញចិត្តផងដែរ។ កម្មវិធីបញ្ចាំងមានផ្សព្វផ្សាយ ក៏នឹងធ្វើឡើងតាមហ្វេសប៊ុកផេក របស់មហោស្រព និងវេបសាយមហោស្រព។ មហោស្រពក៏មានការចាក់បញ្ចាំងស្នាដៃភាពយន្តឯកសារខ្លី ចំនួន៣៣ស្នាដៃ បង្ហាញពីជីវិត ប្រពៃណី វប្បធម៌ ក៏ដូចជាបរិស្ថានរស់នៅតាមដងទន្លេមេគង្គកម្ពុជាផងដែរ។

ភាពយន្តឯកសារខ្លីទាំងនេះ ផលិតដោយសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលជំនាញ ផលិតភាពយន្តឯកសារ ដែលរៀបចំដោយមជ្ឈមណ្ឌលធនធាន សោតទស្សន៍បុប្ជាណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ក្រៅពីការបញ្ចាំងភាពយន្ត គណៈកម្មការរៀបចំមហោស្រព នឹងរៀបចំសិក្ខាសាលាភាពយន្តសំខាន់ៗចំនួន៣ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗ ប្រកបដោយបទពិសោធន៍ ព្រមទាំងផលិតករថ្មីចាស់ជាច្រើនរូប។

ចំពោះការប្រកួតប្រជែងខ្សែភាពយន្តខ្នាតខ្លីនេះ មានពានរង្វាន់ធំចំនួន ៣ និងរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀត រួមមាន ទី១ ពានរង្វាន់មាស (Gold Award) នឹងទទួលបានពានមាសមួយ អមដោយសាច់ប្រាក់ ១២លានរៀល។ ទី២ពានរង្វាន់ប្រាក់ (Silver Award) នឹងទទួលបានពានប្រាក់មួយ អមដោយសាច់ប្រាក់ ៨លានរៀល និងទី៣ពានរង្វាន់សំរឹទ្ធ (Bronze Award) នឹងទទួលបានពានសំរឹទ្ធមួយ អមដោយសាច់ប្រាក់ ៤លានរៀល៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា