អាជ្ញាធរជាតិអប្សរា កំពុងរំដោះទឹកចេញពីប្រាសាទដើម្បីបញ្ជៀសពីការជន់លិច

សៀមរាប៖ នាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំរំដោះទឹកតាមទ្វារទឹក និងតំបន់ប្រាសាទមួយចំនួន បង្ការកុំឱ្យជន់លិចប្រាសាទ។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន បណ្ដាលឱ្យកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាល ខែកញ្ញាមក។ ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនដង និងបណ្ដាលឱ្យជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប។ នៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រមូលទុក និងខ្លះត្រូវបានរំដោះចេញ ដោយសារបរិមាណហួសកម្រិត។
យោងតាមរបាយការណ៍សង្ខេបពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញបានរំដោះទឹកនៅប្រាសាទមួយចំនួន ដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្ត ជាដើម។ ការបញ្ជៀសទឹកតាមប្រព័ន្ធប្រឡាយបុរាណទៅតាមស្ទឹងនានា ដូចជាស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ប្រាសាទ និងក្រុងសៀមរាប។
ក្រៅពីការងាររំដោះទឹកនេះ ក៏មានការប្រមូលទឹកដើម្បីបំពេញក្នុងប្រព័ន្ធគ្រប់គ្រងបុរាណ ដើម្បីធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរ មានដូចជា បារាយណ៍ខាងលិច បារាយណ៍ខាងជើង កសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត ស្រះស្រង់ រួមនឹងកសិន្ធព្រះខ័នជាដើម៕
