ក្រសួងសាធារណការ ប្រាប់ឱ្យក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ មកស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្ម ពុំនោះទេក្រសួង នឹងចាត់វិធានការតាមច្បាប់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ត្រូវមកស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្ម ពុំនោះទេក្រសួង នឹងចាត់វិធានការតាមច្បាប់។
យោងតាមសេចក្តីជូនដំណឹងចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា កន្លងមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា មានក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារ ធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមួយចំនួន បាននិងកំពុងតែធ្វើអាជីវកម្មលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនដោយគ្មានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងមួយចំនួនទៀតបានប្រើប្រាស់នូវលិខិតអនុញ្ញាតដែលផុតសុពលភាពប្រើប្រាស់។
អាស្រ័យហេតុនេះ ដើម្បីឱ្យស្របតាមប្រកាសលេខ ២០៦ ប្រក.សក.ដជគ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរឱ្យមានប្រសិទ្ធភាព និងតម្លាភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់នោះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការទាំងឡាយ ដូចខាងក្រោមនេះ ៖
១- ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលពុំទាន់បានចុះបញ្ជី ធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្ម ស្របទៅតាមច្បាប់ជាធរមាន
២- ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលមានលិខិតអនុញ្ញាត ឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរដែលផុតសុពលភាព ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំអនុញ្ញាតបន្ត សុពលភាពធ្វើអាជីវកម្មដឹកអ្នកដំណើរឱ្យស្របទៅតាមច្បាប់ជាធរមាន។
ក្រសួងក៏បានព្រមានផងដែរថា ក្នុងករណីដែលក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ពុំមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរ ឬមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរផុតសុពលភាព ហើយមិនបានមកបំពេញបែបបទ ស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឱ្យស្របទៅតាមលិខិតបទដ្ឋានគតិយុត្តខាងលើនេះទ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យព្រមទាំងមានវិធានការ តាមផ្លូវច្បាប់ជាធរមាន។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរទាំងអស់ ចូលរួមសហការអនុវត្តតាមការណែនាំខាងលើនេះចាប់ពីថ្ងៃនេះតទៅ៕
