ព័ត៌មានជាតិ

បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាកម្លាំងមហាសាមគ្គីជាតិទាំងមូលដែលដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យដ៏ពិតប្រាកដ

image

រតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្ត រតនគិរី បានថ្លែងបែបនេះក្នុង ទិវាបុណ្យឯករាជ្យជាតិ ៩ វិចិ្ឆកា ១៩៥៣- ៩វិច្ឆិកា ២០១៨ ដែលពីធីនេះបានប្ររព្វធ្វើឡើងក្នុងទីធ្លារស្តូបអនុស្សាវរីយ៍ក្នុងភូមិ ទេសអន្លុង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្ត រតនគិរី នាព្រឹកថ្ងៃទី ៩វិច្ឆិការឆ្នាំ ២០១៨ នេះដោយមានការចូលរួមពីមន្រ្តីរាជការ ជុំវិញខេត្តប្រធានអនុប្រធានមន្ទីរលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងកងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទប្រមាណជាង ១០០០នាក់ផងដែរ។


ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងថាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាកម្លាំងមហាសាមគ្គីជាតិទាំងមូល ដែលដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យដ៏ពិតប្រាកដ ក្រោមព្រះបូជនីយកិច្ចដ៏ថ្លៃថ្លានៃ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា ។ ជាមួយគ្នានេះការរំលឹកខួបអនុស្សាវរីយ៍ ដែលជាទិវាប្រវត្តិសាស្រ្តដ៏រុងរឿងបានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណនូបការៈដ៏ថ្លៃថ្លារបស់គំរូវីរភាពរបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្មអាយុជីវិតយ៉ាងអង់អាចក្លាហានបំផុត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិយ៉ាងពិតប្រាកដពីរបបប្រល័យពូជសាសន៍ប៉ុលពត ពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃអស់ជាច្រើនទសវត្ស ព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី ឯកភាពជាតិ អធិបតេយ្យ សេរីភាព និងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្តមអភិបាលខេត្តរតនគិរីបានបញ្ជាក់ទៀតថា រហូតមកដល់នឹងពេលនេះ កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានប្រែក្លាយមាតុភូមិកម្ពុជាទៅជាទឹកដីកំពុងមានការអភិវឌ្ឍន៍គ្រប់វិស័យ រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ ពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមជាតិទាំងមូល ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខក្សេមក្សាន្តសុខដុមរមនាជាមហាគ្រួសារតែមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរើសអើងអំពីនិន្នាការនយោបាយ អតីតកាល ដើមកំណើត ជាតិ ជំនឿសាសនា ភេទ ឬឋានៈក្នុងសង្គមឡើយ ក្នុងស្មារតីចូលរួមកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជាយើងកាន់តែសម្បូររុងរឿង ។ ដោយឡែកនៅខេត្តរតនគិរី អាស្រ័យដោយប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ បង្កលក្ខណៈដល់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាអភិវឌ្ឍន៍ខេត្ត រដ្ឋបាលខេត្តដោយមានកិច្ចសហការយ៉ាងជិតសិ្នទ្ធិជាមួយស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ បានធ្វើឱ្យខេត្តរតនគិរី បោះជំហានលើដំណើរការអភិវឌ្ឍនិងការធានាបានភាពរឹងមាំ នូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានគ្រឹះផ្តល់ភាពអនុគ្រោះគ្រប់បែបយ៉ាងសម្រាប់ការវិនិយោគនិងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច សង្គមកិច្ច រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។


ឯកឧត្តម ថង សាវុន បានលើកឡើងថា ឈរលើមូលដ្ឋាននៃសមិទ្ធផលទាំងអស់នេះ បានបង្ហាញឱ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៥កន្លងមក បានអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ បានធ្វើការកែទម្រង់កាន់តែទូលំទូលាយថែមទៀត ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធិភាពទៅនឹងតម្រូវការនៅមូលដ្ឋាន និងបានធ្វើឱ្យខេត្តរតនគិរី មានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ និងប្រែមុខមាត់ថ្មីជាលំដាប់ ហើយហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ព្រមទាំងវិស័យដទៃទៀត ក៏ត្រូវបានសាងសង់ ស្តារ ជួសជុល បង្កលក្ខណៈងាយស្រួលដល់តម្រូវការចាំបាច់ បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕ (ប៉េស សារី)