បាក់រលំដើមឈើ ១២ដើម នៅប្រាសាទបន្ទាយស្រី និងបេងមាលា ដោយសារខ្យល់កន្ត្រាក់
សៀមរាប៖ ដើមឈើចំនួន ១២ដើម បានបាក់រលំចំប្រាសាទបុរាណ នៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប
បន្ទាប់ពីមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
ករណីគ្រោះធម្មជាតិនេះ នៅប្រាសាទបន្ទាយស្រី មានដើមឈើចំនួន ២ដើម បានបាក់រលំនៅវេលាម៉ោង ១៨:៤០នាទី ក្នុងនោះមានដេីមធ្លក១ដើម ស្ថិតនៅខាងលិចរោងអភិរក្សប្រាសាទបន្ទាយស្រី បានដួលរលំទៅទិសអាគ្នេយ៍ បានបង្កឱ្យខូចខាតដល់ការដ្ឋានរបស់ក្រុមហ៊ុនអ៊ីអិនស៊ី អ៊ីនធើប្រាយ តែមិនបណ្តាលឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប្រាសាទឡើយ។ ដើមធ្លកនេះមានមុខកាត់ ៨០សង់ទីម៉ែត្រ ប្រវែង ២០ម៉ែត្រ និងដើមពង្រចំនួន ១ដើមទៀត បានដួលនៅក្បែររោងសហគមន៍ផ្សារប៉ាវ៉ីស។
ដោយឡែកនៅរមណីយដ្ឋានភ្នំក្បាលស្ពាន មានការបាក់រលំដើមឈើចំនួន ៣ដើម នៅវេលាម៉ោង ៥:៣៥នាទីល្ងាច ក្នុងនោះមានដើមព្រីង,ដើមពពាលខែ និងដើមឆ្នូតទ្រ តែមិនបណ្តាលឱ្យប៉ះពាល់ ឬខូចខាតដល់រូបចម្លាក់ទេ។
ចំពោះនៅកន្លែងផ្សេងទៀត ប្រាសាទបេងមាលា មានករណីដើមឈើបាក់រលំ នៅវេលាម៉ោងប្រហែល ១៨:៥នាទី មានចំនួន ៧ដើម ក្នុងនោះដើមស្រឡៅចំនួន ១ដើម មានមុខកាត់ ៥០ស.ម ប្រវែង២០ម, ដើមស្ដៅយោងចំនួន ១ដើម មានមុខកាត់ ៤០ស.ម ប្រវែង ២១ ម, ដើមម្កាក់ព្រៃចំនួន ១ដើមមានមុខកាត់ ៣០ស.ម ប្រវែង ២០ម, ដើមសង្កែចំនួន ៣ដើមមានមុខកាត់ ២០ស.ម. ប្រវែង ១៥ម, ដើមក្រសាំងចំនួន ១ដើមមានមកកាត់ ២០ស.ម ប្រវែង ១៥ម.។ ក្រៅពីនេះមានដើមស្រឡៅ និងដើមស្ដៅយោង ដួលរលំនៅចំណុចឃឿន ទី១ ច្រកផ្លូវចូលខាងជើងប្រាសាទបេងមាលា បណ្តាលឱ្យបែកថ្មក្រាល ប្រភេទថ្មភក់ចំនួន ១ដុំ មានទំហំកម្ពស់ ៣០សង់ទីម៉ែត្រ ប្រវែង ១ម៉ែត្រ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានរាយការណ៍ជូនទៅអាជ្ញាធរជាតិអប្សរា ដេីម្បីឱ្យក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ធ្វេីការកាត់ដកហូតដើមឈើទាំងនោះចេញ៕




