ព័ត៌មានជាតិ

ផ្លូវចំនួន២ខ្សែ ប្រវែង៣៤,៦គីឡូម៉ែត្រ ក្នុងខេត្តកំពង់ស្ពឺ ចាប់ផ្តើមជួសជុលឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

image

កំពង់ស្ពឺ៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានធ្វើការជួសជុលផ្លូវចំនួន ២ខ្សែ ដែលមានប្រវែងជាង ៣៤គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើរ និងជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្រោយវិបត្តិកូវីដ-១៩បានធូរស្រាលឡើងវិញ។ ផ្លូវ២ខ្សែនេះគឺ ផ្លូវជាតិលេខ១៤៣ បែកចេញពីផ្លូវជាតិលេខ៤ ត្រង់ចំណុចរូបសំណាកតារែកទឹកត្នោត ទៅដល់ផ្លូវជាតិលេខ៤១ និងកំណាត់ផ្លូវជាតិ៤១ មុខសាលាស្រុកគងពិសី បន្តដល់ផ្លូវជាតិលេខ៣ ផ្សារត្រាំខ្នារ មានប្រវែងសរុប ៣៤,៦គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូ ប្រវែង១៥គីឡូម៉ែត្រ ក្រៅពីនេះជាផ្លូវដី លិចទឹក ពិបាកធ្វើដំណើរ។

លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២២ ថា បច្ចុប្បន្នមន្ត្រីជំនាញបច្ចេកទេសនៃមន្ទីរ បាននិងកំពុងជួសជុលកំណាត់ផ្លូវជាតិលេខ១៤៣ ចាប់ពីចន្លោះបង្គោលគីឡូម៉ែត្រ ១+៥០០ ដល់បង្គោលគីឡូម៉ែត្រ ១៦+៥០០ ប្រវែង១៥គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយបញ្ជាការដ្ឋានកងវិស្វកម្មកងពលតូចលេខ៧០ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ទទឹង៧ម៉ែត្រ ក្នុងអំឡុងឆ្នាំ២០១៥-២០១៧។ ដោយលំហូរចរាចរណ៍មានការកើនឡើងជាលំដាប់ ពិសេសការដឹកជញ្ជូនគ្រួស ថ្ម បានធ្វើឱ្យកំណាត់ផ្លូវនេះប្រវែង៧គីឡូម៉ែត្រ ចន្លោះពីគីឡូម៉ែត្រ ១+៥០០ ដល់ ៨+៥០០ បានខូចទ្រុឌទ្រោមយ៉ាងខ្លាំង ពិបាកធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋ។

នៅពីឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានស្នើសុំក្រសួងធ្វើការជួសជុលកំណាត់ផ្លូវនេះបានប្រវែង ១៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ ពីបង្គោលគីឡូម៉ែត្រ០១+៥០០ ដល់បង្គោលគីឡូម៉ែត្រ០៣+៣០០ ដោយក្រាលកៅស៊ូពីរស្រទាប់ DBST លូជ្រុង២កន្លែង លូមូល១កន្លែង។ នៅឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានធ្វើការជួសជុលកំណាត់ផ្លូវខេត្តលេខ១៤៣ បន្តបានប្រវែង ២៦០០ម៉ែត្រ ទទឹង៧ម៉ែត្រពីបង្គោលគីឡូម៉ែត្រ០៣+៣០០ ដល់បង្គោលគីឡូម៉ែត្រ០៥+៩០០ ដោយក្រាលកៅស៊ូពីរស្រទាប់ DBST។ ចំពោះកំណាត់ផ្លូវដែលនៅសល់ប្រវែង ២៦០០មទៀត មន្ទីរគ្រោងស្នើសុំជួសជុលបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខ។

លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា កំណាត់ផ្លូវលេខ១៤៣ ចន្លោះពីចុងផ្លូវកៅស៊ូ ដល់ផ្លូវជាតិលេខ៤១ កំពុងជួសជុលដោយក្រាលកៅស៊ូ ដោយកងវិស្វកម្មក្រសួងការពារជាតិ ឯកំណាត់ផ្លូវពីផ្លូវជាតិលេខ៤១ ដល់ផ្លូវជាតិលេខ៣ប្រវែង ៨៩០០ម៉ែត្រ មន្ទីរកំពុងជួសជុលលើកកកម្ពស់តួផ្លូវបានប្រវែង ៣៣០០ម៉ែត្រ ទទឹង១០ម៉ែត្រ ដោយក្រាលដីល្បាយភ្នំ។ ចំណែកកំណាត់ផ្លូវដែលនៅសល់ មន្ទីរគ្រោងស្នើសុំបន្តជួសជុលដោយក្រាលដីល្បាយភ្នំទទឹង១០ម៉ែត្រ ហើយក្រោយជួសជុលពង្រីកលើកកម្ពស់តួផ្លូវរួចរាល់ មន្ទីរគ្រោងស្នើសុំចាក់ក្រាលកៅស៊ូបន្តទាំងអស់តែម្តង។ ដោយសារតែផ្លូវនេះមានប្រវែងវែង មន្ទីរបានសម្រេចធ្វើការជួសជុលជាជំហានគីង្គក់។

ក្នុងខេត្តកំពង់ស្ពឺ កំណាត់ផ្លូវសំខាន់ៗជាច្រើនខ្សែបានរងការខូចខាត បង្កការលំបាកដល់ការធ្វើដំណើរពិសេសការដឹកជញ្ជូនផល អនុផល និងកសិផលរបស់ប្រជាកសិករមកកាន់ទីផ្សារ ក្នុងនោះកំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវជាតិ៤១ ក៏កំពុងរងការខូចខាតធ្ងន់ធ្ងរផងដែរ។ ស្របពេលដែលរងការខូចខាតធ្ងន់ធ្ងរនេះ កំណាត់ផ្លូវជាតិទាំង២ខ្សែនេះក៏កំពុងទទួលបានការជួសជុលឡើងវិញ ដោយផ្លូវជាតិលេខ៤ ជួសជុលដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រោមមូលនិធិworld bank

និងកំណាត់ផ្លូវជាតិលេខ៤១ ដោយក្រុមហ៊ុនចិនCRBC៕

អត្ថបទ៖ ប៊ុត សារុន