ព័ត៌មានជាតិ

ខ្មែរធ្វើបាន! ការជួសជុលតួប្រាង្គបាកាណ នៃប្រាសាទអង្គរវត្ត គឺប្រើកម្លាំងមនុស្សសុទ្ធសាធ

image

សៀមរាប៖ តួប្រាង្គបាកាណ នៃប្រាសាទអង្គរវត្ត ជាទីតាំងមួយនៅខ្ពស់ និងព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ ដែលមិនអាចឱ្យនាំគ្រឿងចក្រចូលទៅបម្រើការនៅការដ្ឋាននោះបានឡើយ។ ការជួសជុលតួប្រាង្គកណ្តាលរួតទីបី នៃប្រាសាទអង្គរវត្ត បានប្រើរយៈពេលជាង ១០ខែ ដោយប្រើកម្លាំងមនុស្សសុទ្ធសាធ ជាមួយនឹងការតស៊ូនិងភាពអត់ធ្មត់ ដោយយកចិត្តទុកដាក់បំផុត។

លោក គឹម សុធិន អគ្គនាយរង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជួសជុល ត្រូវប្រើកម្លាំងលើកដុំថ្មថ្មីដែលត្រូវយកឡើងទៅបំពេញបន្ថែមនៅតាមកន្លែងចាំបាច់ដើម្បីពង្រឹងរចនាសម្ពន្ធ និងទ្រដុំថ្មចាស់ដែលបានរកឃើញទីតាំង។ ពេលចាប់ផ្ដើមទាញយោងឡើងដោយដៃថ្មថ្មីមួយដុំបានប្រើពេលរហូតដល់បីថ្ងៃ ទើបទាញយកបាន។ ចំណែកឯការដឹកជញ្ជូនថ្មចល័តពីកន្លែងមួយទៅកន្លែងមួយវិញទៀតសោត ប្រើរទេះរណេលឈើ ឬដែកទីប រុញ ឬទាញដោយមនុស្សយ៉ាងតិចចំនួន ១២នាក់ ជួយអូសផង ទាញផង និងរុញផង ទើបអាចនាំថ្មចល័តទៅមកបាន។ កិច្ចការរុះរើរៀបថ្មខឿនរួតបាកាណនេះ ទាមទារឱ្យក្រុមអ្នកជំនាញ និងជាងរិះរកគ្រប់វិធីសាស្ត្រ បច្ចេកទេស ដើម្បីពង្រឹងរចនាសម្ព័ន្ធសំណង់ឱ្យរឹងមាំឡើងវិញ និងមិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ដោយសារអាយុកាលនៃវត្ថុធាតុដើមទៀតផង។

លោកអគ្គនាយរងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលការជួសជុលខឿនកណ្ដាលរួតបាកាណនៃប្រាសាទអង្គរវត្តបានប្រើកម្លាំងមនុស្ស និងទទួលបានជោគជ័យ ដែលមិននឹកស្មានដល់ ព្រោះគេមិននឹកស្មានថា ក្រុមការងារអាចធ្វើបាន នៅក្នុងពេលដ៏លំបាកបំផុត ទាំងការងារ និងទាំងពេលដែលមានវិបត្តិដោយជំងឺកូវីដ-១៩៕