ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកឆ្នាំ២០២២ របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ 

image

អត្ថបទ៖ ចេង ឆហួត 

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី នៅថ្ងៃទី ២៨ខែ មេសា ឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ ២០២២ តាមប្រព័ន្ធអនឡាញ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក HIROSHI UEMATSU អភិបាលប្រតិបត្តិ/នាយកប្រតិបត្តិ, លោក HIROSHI OTSUBO  អភិបាលមិនប្រតិបត្ដិ, លោក Mark Hanna អភិបាលមិនប្រតិបត្តិ, លោក TANATE PIRIYOTHINKUL អភិបាលមិនប្រតិបត្តិ, លោក Arthur Law Hian Tat អភិបាលឯករាជ្យ និងលោក KANG WEI GEIH អភិបាលឯករាជ្យ។ 

យោងតាមកំណត់ហេតុកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកឆ្នាំ ២០២២ របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានឲ្យដឹងថា អង្គប្រជុំបានអនុម័តទៅលើសេចក្តីសម្រេចចំនួន ៦ចំណុច រួមមាន៖ ១. អនុម័តរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២១, ២. អនុម័តការបោះឆ្នោត និងការតែងតាំងក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិថ្មី, ៣. អនុម័តកំណត់ហេតុនៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ ២០២១, ៤, អនុម័តការតែងតាំងសវនករឯករាជដើម្បីបន្តសវនកម្មបន្ទាប់, ៥. អនុម័តសម្រាប់សិទ្ធិសម្រាប់ទិញភាគហ៊ុនត្រឡប់មកវិញ និង៦. អនុម័តសេចក្តីសម្រេចពិសេស៖ ការផ្លាស់ប្តូរឈ្មោះពីក្រុមហ៊ុន «ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី» ទៅជា «រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី»។

ថ្លែងតាមវីដេអូអនឡាញ អ្នកឧកញ៉ា គិត ម៉េងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានបង្ហាញសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍នៃការរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើកទី ៦របស់ក្រុមហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ចាប់តាំងពីការចុះបញ្ជីរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០២១។ ឆ្នាំនេះក្រុមហ៊ុន កំពុងរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំរបស់ខ្លួន បន្ទាប់ពីផ្អាករយៈពេល ២ ឆ្នាំ ដែលត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ១៩។

អ្នកឧកញ៉ាប្រធាន បានមានប្រសាសន៍ថា ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ក៏ក្រុមហ៊ុនបានប្រកាសលទ្ធផលគួរឱ្យសរសើរក្នុងកំឡុងឆ្នាំទាំងនោះ ដែលបញ្ចប់ដោយប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធចំនួន ១,៩១លានដុល្លារ សម្រាប់ឆ្នាំបច្ចុប្បន្ន ធៀបនឹង ១,០៦លានដុល្លារ សម្រាប់ឆ្នាំមុន។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឥឡូវនេះគឺជាម្ចាស់ភាគហ៊ុនគ្រប់គ្រងរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធាន បានធានាចំពោះម្ចាស់ភាគហ៊ុនថា យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំរបស់ PPSP ដើម្បីធ្វើសមាហរណកម្ម និងចំណាយលើលទ្ធភាពអាជីវកម្មដែលមានស្រាប់របស់ខ្លួន ដោយប្រើប្រាស់ និងបញ្ចូលសកម្មភាពអាជីវកម្មផ្សេងទៀតទាំងអស់នៅក្នុងក្រុមហ៊ុន Royal Group ដើម្បីឱ្យមានប្រសិទ្ធភាព និងការរីកចម្រើនបន្ថែមទៀតសម្រាប់ក្រុមហ៊ុន និងដើម្បីរួមចំណែកដល់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេស។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកចំពោះការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត ដែលបានរួមចំណែកដល់ការរីកលូតលាស់របស់ក្រុមហ៊ុន។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន អ៊ិនធើ ទ្បូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានទិញភាគហ៊ុនចំនួន ៤៥,០៩% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (PPSP-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) និងបានក្លាយជាភាគហ៊ុននិក ដែលមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់នៅក្នុងក្រុមហ៊ុន ដែលអភិវឌ្ឍន៍តំបន់ឧទ្យានឧស្សាហកម្មនេះ។ 

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅឯកិច្ចប្រជុំវិសាមញ្ញរបស់ម្ចាស់ភាគហ៊ុននិក (EGM) របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានថ្មីនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP)។ 

ការវិនិយោគទិញភាគហ៊ុនមួយនេះ គឺជាការបោះជំហានមួយដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ជាមួយនឹងធុរកិច្ចថ្មីនេះ អ្នកឧកញ៉ាប្រធានសង្ឃឹមថា យើងនឹងនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មី ការគ្រប់គ្រង យុទ្ធសាស្ត្រអាជីវកម្ម និងអ្នកវិនិយោគបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។ យើងធ្វើការរួមគ្នា ដើម្បីនាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ទៅកាន់ការទាក់ទាញដ៏អស្ចារ្យមួយកម្រិតទៀត។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាក្រុមហ៊ុនសាធារណៈដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមផ្សារមូលបត្រកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវបានបង្កើតទ្បើង ដើម្បីផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើន ពីរដ្ឋាភិបាលដល់អ្នកអភិវឌ្ឍន៍ ប្រតិបត្តិករ និងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជា ការលើកលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ហើយជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងទៀត ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។

ជាមួយផ្ទៃដីទំហំប្រមាណ ៣៥៧ហិកតា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាននាំយកក្រុមហ៊ុនផលិត និងសេវាកម្មច្រើនជាង ៩៥ មកពី ១២ប្រទេស ព្រមទាំងមានក្រុមហ៊ុនអន្តរជាតិជាង ៨០ មកពី ១៥ប្រទេសផ្សេងៗគ្នា បានវិនិយោគនៅក្នុងតំបន់នេះ។ កាលពីឆ្នាំ២០២១ កន្លងទៅ ការនាំចេញទំនិញពីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទំហំទឹកប្រាក់ ៦៧៣លានដុល្លារអាមេរិក៕