ព័ត៌មានជាតិ

សាលរបាំប្រាសាទតាព្រហ្ម គ្រោងបើកឱ្យទេសចរចូលទស្សនា បន្ទាប់ពីជួសជុសរួចនាពេលឆាប់ៗខាងមុខ

image

សៀមរាប៖ សាលរបាំនៃប្រាសាទតាព្រហ្ម គ្រោងនឹងបើកឱ្យអ្នកទេសចរចូលទស្សនាឡើងវិញ បន្ទាប់ពីគម្រោងជួសជុលត្រូវបញ្ចប់រយៈពេល២ខែខាងមុខ។ នេះបើយោងតាមការឱ្យដឹងពី អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម។ 

Dr Sing Sood បានឱ្យដឹងថា គម្រោងជួសជុលសាលរបាំ នៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលជិតរួចរាល់ជាស្ថាពរ ដែលបច្ចុប្បន្នក្រុមការងារកំពុងបង្ហើយការងារតូចៗដែលនៅសេសសល់។ ប្រហែល២ខែទៀត សាលរបាំ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ចាប់ពីឆ្នាំ២០១១មក អាចនឹងបើកដំណើរការឱ្យទេសចរចូលទស្សនាឡើងវិញ។ គម្រោងនេះ មានរយៈពេល១១ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២។ ទីតាំងនេះ ដើមឡើយជាគំនរថ្ម ដែលរងការខូចខាតស្ទើរទាំងស្រុង។ 

ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ហៅកាត់ថា(ASI) ដោយមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា បានខិតខំសិក្សាស្រាវជ្រាវ និងរើថ្មពីមួយដំណាក់កាលទៅមួយដំណាក់កាល ដោយការងារជួសជុលនេះចាប់ផ្តើមដំបូងនៅផ្នែកខាងជើង និងរហូតដល់បញ្ចប់បានដោយជោគជ័យគួរជាទីមោទន។ នៅទីនោះដើមឈើធំៗចំនួនពីរដើម នៅផ្នែកខាងត្បូង ត្រូវបានអ្នកជំនាញការអាយស៊ីស៊ី-អង្គរ សម្រេចមិនឱ្យដកចេញទេ និងនៅគំនរថ្មមួយផ្នែក ដែលអ្នកជំនាញឱ្យរក្សាទុក ដើម្បីឱ្យអ្នកទេសចរបានឃើញពីស្ថានភាពដើម និងក្រោយពេលជួសជុល ទីតាំងមួយនេះ។

Dr Sing Sood បានបង្ហាញអារម្មណ៍រីករាយ និងមានមោទកភាពបំផុត ដែលគម្រោងជួសជុលនេះ សម្រេចបានជាផ្លែផ្កា និងក្នុងនាមស្ថាប័នឥណ្ឌា ដែលបានចូលរួមជួសជុលប្រាសាទខ្មែរ ដែលមានវប្បធម៌ និងអារ្យធម៌ ស្រដៀងគ្នា។ លោករីករាយក្នុងការចែករំលែកចំណេះដឹងទាំងការអភិរក្ស និងវប្បធម៌ ដល់ពលរដ្ឋខ្មែរផងដែរ។

ក្រៅពីសាលរបាំ នៅប្រាសាទតាព្រហ្ម ស្ថាប័ន ASI ក៏កំពុងជួយជួសជុលនូវខ្លោងទ្វារខាងកើត ខាងត្បូង និងគោបូរៈមួយចំនួនទៀត ដែលជាគម្រោងកិច្ចសហប្រតិបត្តិទាំងនេះ គ្រោងនឹងបញ្ចប់នាឆ្នាំ២០២៥។ 

ប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សទី១២នៃគ.ស ដោយព្រះបាទជ័យវរ្ម័នទី៧។ រីឯសាលរបាំ មកដល់បច្ចុប្បន្ន អ្នកជំនាញនៅមិនទាន់ប្រាកដនៃឈ្មោះនេះនៅឡើយទេ តែទីតាំងនេះត្រូវបានព្រះបាទជ័យវរ្ម័នទី៧ កសាងឡើងឧទ្ទិសថ្វាយដល់មាតារបស់ទ្រង់៕

អត្ថបទ៖ ជា ស្រស់