ព័ត៌មានជាតិ

ព្រឹត្ដិការណ៍រំលឹកគុណអង្គរ នឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ

image

សៀមរាប៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានចាត់ទុកព្រឹត្ដិការណ៍រំលឹកគុណអង្គរ ក៏ដូចជារំលឹកគុណដល់បុព្វការីជនជំនាន់មុន អតីតព្រះមហាក្សត្រគ្រប់ជំនាន់មុនផងដែរ។ ដូច្នេះ ព្រឹត្ដិការណ៍រំលឹកគុណអង្គរ នឹងក្លាយជាយុទ្ធនាការជំរុញឱ្យមានការចូលរួមឧបត្ថម្ភគាំទ្របន្ថែមទៀត ពីវិស័យឯកជន សម្រាប់ជាគុណប្រយោជន៍ដល់កិច្ចការអភិរក្សបេតិកភណ្ឌជាតិនេះ ហើយដែលនឹងក្លាយជានិមិត្តរូប មិត្តភាព និងសាមគ្គីភាពទាំងជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា ពិធីរំលឹកគុណអង្គរ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅខាងមុខប្រាសាទអង្គរវត្ត ក្រោមវត្តមាន លោកស្រី ម៉ែន សំអន និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីនេះដែរ ក៏ធ្វើឡើងដើម្បីអបអរសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

លោកស្រី ម៉ែន សំអន បានលើកឡើងថា សមិទ្ធផលដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ ដែលបានកើតចេញពីការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់ឥស្សរជនជាតិផ្សេងៗទៀត ដែលជានិច្ចកាលតែងតែចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិជាប្រយោជន៍រួម។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា បានលើកឡើងថា ព្រឹត្តការណ៍រំលឹកគុណអង្គរ នឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ច ក្នុងការចូលរួមអភិរក្ស និងការពារអង្គរ ដែលមិនត្រឹមតែជារតនសម្បត្តិនៃបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល។

លោកស្រីក៏បានចាត់ទុកព្រឹត្តិការណ៍ដ៏សំខាន់នេះថា ក្រៅពីគោលដៅលើកស្ទួយពាក្យស្លោកកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដើម្បីបង្ហាញមោទកភាពជាតិ ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ជាពិសេសការបង្កើតឱ្យមានយន្តការនៃការរំលឹកគុណអង្គរប្រចាំឆ្នាំចាប់ពីឆ្នាំ២០២២ទៅ ក្នុងទិសដៅរួមចំណែកជាមួយផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាប២០២១-២០៣៥ ជាមួយក្រុសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យរស់រានឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា តាមរយៈការបំផុសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ១នាក់ ចូលរួមទស្សនាអង្គរ យ៉ាងហោចណាស់១ដង ក្នុង១ឆ្នាំ ពោលគឺ មកទស្សនាហើយចង់មកទស្សនាទៀត។

សូមបញ្ជាក់ថា ពិធីបុណ្យរំលឹកគុណអង្គរ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបង្ហាញជូនសាធារណៈជនជាតិ និងអន្តរជាតិ បានស្វែងយល់ ក្នុងនោះមានដូចជាពិធីសាសនា និងព្រឹត្តិការណ៍សំដែងសិល្បៈនានា ការសំដែងសិល្បៈល្ខោនស្បែកធំ នឹងមានការរៀបចំស្តង់ពិព័រណ៍សមិទ្ធផល និងសកម្មភាពការងារ ដែលសម្រេចបាននាពេលកន្លងមករបស់អាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងស្វែងយល់បន្ថែម ដើម្បីទស្សនាសកម្មភាពការងារជាក់ស្ដែងនានារបស់ក្រុមការងារជំនាញនីមួយៗ៕

អត្ថបទ៖ ជា ស្រស់