ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការងារជួសជុលកាំជណ្តើរ​ច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ជ្រុងពាយព្យ នៅចុងឆ្នាំ២០២១

image

អត្ថបទ៖ ជា ស្រស់

សៀមរាប៖ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងជួសជុលកាំជណ្តើរ​ច្រាំងកសិន្ធុអង្គរជ្រុងពាយព្យ ប្រវែង២០ម៉ែត្រ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១​នេះហើយ។

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងពាយព្យនេះ បានឱ្យដឹងថា ច្រាំងកសិន្ធុផ្នែកខាងលិចប្រាសាទអង្គរវត្តជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមមកអង្គុយផ្តិតយករូបភាពកំពូលប្រាំដ៏ស្រស់ស្អាតនៃប្រាសាទអង្គរ។ ដូច្នេះការជួសជុលកាំជណ្តើរកសិន្ធុផ្នែកពាយព្យនេះក៏ជាកិច្ចការសំខាន់មួយ នៅពេលយើងជួសជុលរួចរាល់ធ្វើឱ្យច្រាំងកសិន្ធុកាន់តែមានភាពស្រស់ស្អាតទ្វេឡើង។ 

លោកស្រីបន្តថា ការងារជំហានដំបូងក្រុមការងារបានធ្វើរួចរាល់ដូចជា បិទទំនប់ សម្រង់ប្លង់ ពិនិត្យស្ថានភាពថ្មដែលជ្រុះធ្លាក់ចុះមកច្រាំង និងការរើថ្មដោយប្រើកៅឡាក់អូសថ្មពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ ដើម្បីយកទៅរក្សាទុកនៅទីធ្លារក្សាថ្ម លាងសម្អាត និងចុះបញ្ជីថ្ម។   

សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុរអង្គរវត្តជ្រុងពាយព្យ បានប្រវែង១០០ម៉ែត្ររួចមកហើយ៕