អាជ្ញាធរជាតិអប្សរា ស្ថាបនាស្ពានផ្លូវសម្រាប់ជិះកង់ចំនួន ២ទីតាំងក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាកំពុងស្ថាបនាស្ពាន នៅលើផ្លូវសម្រាប់ជិះកង់ចំនួន២ទីតាំង ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា និងអ្នកនិយមមធ្យោបាយធ្វើដំណើរដោយកង់។
ដំណើរការសាងសង់ស្ពានលើកំណាត់ផ្លូវសម្រាប់អ្នកជិះកង់ ជាប្រភេទបេតុងចំនួន ២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងនោះ ស្ពានទី១ មានប្រវែង ១៥០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ រីឯស្ពានទី២ មានប្រវែង២៥ម៉ែត្រ ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយពេលបញ្ចប់ការសាងសង់ស្ពានលើកំណាត់ផ្លូវសម្រាប់អ្នកជិះកង់ទាំងពីរខ្សែរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា និងអ្នកនិយមមធ្យោបាយធ្វើដំណើរដោយការជិះកង់ ជាពិសេសសម្រួលដល់ការធ្វើដំណើរររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម៕
