ប្រាសាទឥដ្ឋតូចៗដែលនៅជុំវិញប្រាសាទបាគង ត្រូវបានអាជ្ញាធរជាតិអប្សរារៀបចំសម្អាតឲ្យមានសោភ័ណឡើងវិញ

អត្ថបទ៖ ជា ស្រស់
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមសម្អាតប្រាសាទឥដ្ឋតូចៗ ដែលនៅព័ទ្ធជុំវិញប្រាសាទបាគង សំដៅលើកកម្ពស់សោភ័ណភាពកេរមរតកបុព្វបុរសខ្មែរនេះឡើងវិញ។
អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានឲ្យដឹងនៅថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២១នេះថា នៅជុំវិញប្រាសាទបាគងនេះ មានប្រាសាទដែលធ្វើអំពីឥដ្ឋតូចៗចំនួន២៤ ដែលមានខ្លះក៏នៅរក្សារូបរាងបានល្អ ខណៈខ្លះទៀតបានខូចខាតសល់តែគ្រឹះ។
លោកបន្តថា ដូច្នេះដើម្បីលើកកម្ពស់ស្នាដៃកេរមរតករបស់បុព្វបុរសខ្មែរឲ្យមានសោភណភាពឡើងវិញ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការសម្អាតនៅតាមតួប្រាសាទតូចៗទាំងនេះ ដូចជាការបោសស្លឹកឈើដែលជ្រុះរាយប៉ាយ កាត់ស្មៅ កាត់មែកឈើដែលដុះគ្របលើប្រាសាទ និងរៀបចំសម្រួលផ្លូវដើរជាដើម។
សូមជម្រាបថាប្រាសាទបាគង ជាប្រាសាទមួយក្នុងចំណោមប្រាសាទមួយចំនួនទៀត ដែលស្ថិតនៅក្នុងក្រុមប្រាសាទឧទ្យានរលួស នៃរមណីយដ្ឋានអង្គរ។ ប្រាសាទនេះស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
