ទណ្ឌិត២៧នាក់នៅខេត្តបន្ទាយមានជ័យ ទទួលបានការលើកលែងទោសពី៣ខែដល់៦ខែ
បន្ទាយមានជ័យ៖ ទណ្ឌិតចំនួន ២៧នាក់ នៅខេត្តបន្ទាយមានជ័យ ទទួលបានការលើកលែងទោស ពី៣ខែ ដល់៦ខែ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធទើបនឹងធ្វើពិធីនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពន្ធនាគារផ្ទាល់ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការលើកលែងទោសនោះបានធ្វើឡើងក្រោមវត្តមាន លោក គឹងវណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ។
លោក អ៊ុ ស៊ីផាន បានឱ្យដឹងថា ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យកំពុងឃុំជាក់ស្តែងមានចំនួនសរុប ១.៥៧៧នាក់ (ស្រី ៩៩នាក់) ជនត្រូវចោទមានចំនួន ២៤៩នាក់(ស្រី ១១នាក់) ជនជាប់ចោទមានចំនួន ២៤៩នាក់ (ស្រី ១៧នាក់) ពិរុទ្ធជនមានចំនួន ៧៧៣នាក់ (ស្រី ៤៦នាក់) ទណ្ឌិតមានចំនួន ៣២៦នាក់ (ស្រី ២៥នាក់) អនីតិជនមានចំនួន ១២៥នាក់(ស្រី៦នាក់) ចាប់ចូលថ្មីមេខ្យល់មានចំនួន ៧៤នាក់(ស្រី៧នាក់)។
លោក អ៊ុង សុីផាន បានបញ្ជាក់ទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ និងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ។
ចំពោះអង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺ ការអប់រំកែប្រែ និងស្ដារនីតិសម្បទាដល់ជនជាប់ឃុំដែលមានការអប់រំផ្លូវចិត្ត រៀនអក្សរខ្មែរគ្រប់ចំណេះដឹង ដែលចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាត់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្នេីសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។ ជនជាប់ឃុំទាំងអស់ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់ពួកគាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិចត្រូនិច្ច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ និងរៀនអក្សរខ្មែរជាដើម ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន ៣លើក។
ជាមួយគ្នានោះ លោក គឹង វណ្ណៈ បានឱ្យដឹងថា ការបន្ធូបន្ថយដល់ទណ្ឌិតចំនួន ២៧នាក់ ក្នុងនោះលើកលែងទោសមានរយៈពេល៣ខែ ចំនួន ១៧នាក់ បន្ធូបន្ថយទោសរយៈពេល ៦ខែ ចំនួន ១០នាក់ (ស្រី១នាក់)។ ទន្ទឹមនឹងនោះ លោកបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់ពន្ធនាគារហើយ នៅពេលចេញទៅវិញត្រូវចេះកែខ្លួនឱ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួល៕





ដោយ៖ ប៊ុន ចាន់ថន